(មុំបៃ)៖ ប្រតិភូក្រសួងទេសចរណ៍ រួមជាមួយផ្នែកឯកជនបានចូលរួមតាំងពិព័ណ៍ទេសចរណ៍អន្តរជាតិ Outbound Travel Mart (OTM 2020) នៅទីក្រុងមុំបៃ សាធារណរដ្ឋឥណ្ឌា ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០។
នាឱកាសពិព័ណ៍ទេសចរណ៍អន្តរជាតិនោះ ភាគីកម្ពុជាបានផ្សព្វផ្សាយពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ និងសក្តានុពលទេសចរណ៍កម្ពុជា ពិសេសបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយពីកម្ពុជាជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន (ATF2021) នៅឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ សំដៅទាក់ទាញប្រតិបត្តិករទេសចរណ៍ទាំងអ្នកទិញ និងអ្នកលក់ វិនិយោគគិន និងភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត និងចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM 2020 ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកចូលរួមមកពីផ្នែកសាធារណៈ និងឯកជន អ្នកសារព័ត៌មាន ប្រតិបត្តិករទេសចរណ៍ អ្នកលក់ចំនួន ១៨១ក្រុមហ៊ុន អ្នកទិញជាង ១,០០០ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១១៤ស្តង់ មកពី២៩រដ្ឋក្នុងប្រទេស និង ៥៥ប្រទេសជុំវិញពិភពលោក ដែលមានអ្នកចូលទស្សនាប្រមាណ ១៥,០០០នាក់។
ក្នុងឱកាសនោះ ប្រតិភូកម្ពុជាបានធ្វើបច្ចប្បន្នភាពដល់ក្រុមអ្នកសារព័ត៌មាន និងទេសចរអន្តរជាតិពីគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅមានសុវត្ថភាពសម្រាប់ទេសចរទូទាំងពិភពលោកក្នុងដំណាក់កាល ដែលជំងឺរលាកផ្លូវដង្ហើម «វីរុសកូរ៉ូណា» ជះឥទ្ធិពលលើវិស័យទេសចរណ៍ក្នុងតំបន់។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការតាមដានយ៉ាងហ្មត់ចត់ និងគ្រប់គ្រងស្ថានការណ៍នៃជំងឺផ្លូវដង្ហើមនេះបានយ៉ាងល្អ ដូច្នេះកម្ពុជាសូមអញ្ជើញទេសចរអន្តរជាតិទាំងអស់មកទស្សនាគោលដៅទេសចរណ៍កម្ពុជាដូចធម្មតា។
ជាងនេះទៅទៀត កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ដូចជា ASEM 2020 វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) និងព្រឹត្តិការណ៍កីឡាសីហ្គេមឆ្នាំ២០២៣ជាដើម។
សូមបញ្ជាក់ថា កម្ពុជាទទួលបានទេសចរចំនួន ៦.៦លាននាក់ ឆ្នាំ២០១៩ កើនបាន ៦.៦% ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៧៥,២៨៦នាក់ កើនបាន ១៤.៣%៕