Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយទន្ទឹងរង់ចាំយូរឆ្នាំ! ផ្លូវជាតិលេខ២ និង២២ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះហើយ

03-02-2020 14:24

(ភ្នំពេញ)៖ ក្តីទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ២២ អស់ជាច្រើនឆ្នាំ ចង់ឃើញការស្តារ និងជួសជុលឱ្យប្រសើរឡើងវិញនូវផ្លូវពីរខ្សែនេះ នឹងក្លាយជាការពិតហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។ នៅថ្ងៃទី១១ ខែកម្ភៈនេះ ពិធីបើកការដ្ឋានជួសជុល និងស្តារឱ្យប្រសើរឡើងវិញនូវផ្លូវទាំងពីរខ្សែនេះ នឹងចាប់ផ្តើមជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន ៦២.៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ផ្លូវជាតិលេខ២២ មានប្រវែង ៩.៦១គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ៣។ គម្រោងសាងសង់ជួសជុលធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោងក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦,១០០,០០០ដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះឆ្លងកាត់រាជធានី/ខេត្ត ចំនួនបីរួមមាន៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដែលមានប្រវែងផ្លូវសរុប ៧២.១៧ គីឡូម៉ែត្រ។ គម្រោងខាងលើនេះ និងធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនាគ្រោងនឹងប្រើរយៈពេល ៣០ខែ។

គម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖

កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ដែលមានប្រវែង ៨.៧៤គីឡូម៉ែត្រ ពង្រីកពី ២គន្លងទៅ ៤គន្លង ដែលនៅតំបន់ទីប្រជុំជនប្រវែងជាង ៤គីឡូម៉ែត្រ មានទទឹងផ្លូវ ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០.៥ម៉ែត្រ។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ១២សង់ទីម៉ែត្រ។

កំណាត់ទី២៖ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែងជិត ៥៤គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមាន២គន្លង និងទទឹង១៣ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ១០សង់ទីម៉ែត្រ។

កំណាត់ទី៣៖ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែងជិត ១០គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប ១៣ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ១០សង់ទីម៉ែត្រ៕