(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនមនុស្សប្រុសស្រី ជាបន្ដបន្ទាប់សរុប១៥នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកចំការលើ, ស្រុកព្រៃឈរ និងស្រុកកងមាស នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានចាត់បញ្ជាឲ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកចំការលើ ស្រុកព្រៃឈរ ស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន៣ករណី។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ទាំង៣ករណីនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២១កញ្ចប់, ទូរស័ព្ទដៃចំនួន១០គ្រឿង, ម៉ូតូចំនួន១០គ្រឿង, គ្រាប់កាំភ្លើងអាកាចំនួន ០៨គ្រាប់, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង, កាំបិទកៃ០៣ដើម, អាវុធកែច្នៃបាញ់ខ្យល់ ០២ដើម, កាំបិទខ្វែវ ០២ដើម, សម្ភារវេចខ្ចប់ថ្មាំញៀនមួយចំនួនធំ ដាវ០១ដើម និងឧបករណ៍សេពគ្រឿងញៀនចំនួន០២សម្រាប់។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១៥នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្ដតាមនីតិវិធី៕