(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ការចិញ្ចឹមមាន់ និងទា នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការចិញ្ចឹមជ្រូក និងគោ មានការថយចុះមួយកម្រិត។ នេះបើតាម អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី។
អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងក្នុងសន្និសីទស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ទោះជាយ៉ាងនេះក្តី នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ការចិញ្ចឹមសត្វគ្រប់ប្រភេទ នៅកម្ពុជា មានកើនឡើងជិត ៣,៤៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានសត្វសរុបជិត ៤៥,៨លានក្បាល។
លោកបានបញ្ជាក់ថា ការចិញ្ចឹមមាន់ ទា សរុបមានចំនួន ៤០,៣៩លានក្បាល កើនឡើង៦% ខណៈដែលការចិញ្ចឹមគោ និងជ្រូកមានការថយចុះ ក្នុងនោះការចិញ្ចឹមគោមានចំនួន ២,៧៧លានក្បាល ថយចុះ ៥% ការចិញ្ចឹមជ្រូកមានចំនួន ២,១៨លានក្បាល ថយចុះ២០%។
«ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វវិញ យើងឃើញថា តួលេខចំនួនសត្វដែលយើងបានចិញ្ចឹម គឺកើនឡើងរហូត ពី៣ទៅ៤% ក្នុងមួយឆ្នាំៗ។ ប៉ុន្តែជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ គឺផលិតកម្មសត្វសរុបមានរហូតដល់ជិត ៤៦លានក្បាល កើនឡើងក្នុងរង្វង់ ៣,៤៧% ធៀបនឹងឆ្នាំកន្លងទៅ»។
លោក ស្រី វុឌ្ឍី បានបន្តថា ការចិញ្ចឹមគោថយចុះ ដោយសារការចិញ្ចឹមនៅកម្ពុជា ទើបតែមានលក្ខណៈគ្រួសារ ហើយបញ្ហាការចិញ្ចឹមលក្ខណៈគ្រួសារនេះផងដែរ មានការថយចុះ។ លោកថ្លែងថា ចំពោះការចិញ្ចឹមជ្រូកថយចុះ ដោយសារប្រជាពលរដ្ឋភ័យខ្លាច ជំងឺប៉េស្តជ្រូកអាហ្វ្រិកវាយលុក ធ្វើឲ្យពួកគាត់មិនហ៊ានចិញ្ចឹម។
អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ចំពោះការចិញ្ចឹមមាន់ និងទាកើនឡើង ៦% វិញនោះ ដោយសារប្រជាពលរដ្ឋ បានប្តូរទម្លាប់ពីការចិញ្ចឹមលក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមបែបទំនើបលក្ខណៈឧស្សាហកម្ម កាន់តែរីកធំឡើងៗ។
ចំពោះការចិញ្ចឹមគោមានការថយចុះ ត្រូវបាន លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ពន្យល់ពីទិដ្ឋភាពសង្គម។ លោកលើកឡើងថា ប្រជាពលរដ្ឋឈប់ចិញ្ចឹមគោ ដោយសារពួកគាត់បានចំណាកស្រុក ទៅធ្វើការនៅទីក្រុង ជាពិសេសធ្វើការនៅតាមរោងចក្រ។ ចំណុចមួយទៀត ដែលលោក ផៃ ស៉ី ផានមើលឃើញថា គឺដោយសារវិស័យបច្ចេកវិទ្យារីកចម្រើនខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋ ឈប់ចិញ្ចឹមគោយកទៅបម្រើវិស័យកសិកម្មទៀតហើយ។
លោក ផៃ ស៉ីផាន បានបញ្ជាក់ថា «បដិវត្តន៍ឧស្សាហកម្ម ៤.០ បានចាប់ផ្តើមហើយ កម្លាំងត្រាក់ទ័រភ្ជួររាស់បានជំនួសអស់រលីង។ កូនក្រមុំកសិករ ទៅនៅតាមរោងចក្រអស់ ដូច្នេះគោលែងក្លាយជាសេចក្តីត្រូវការ ប៉ុន្តែចិញ្ចឹមដើម្បីយកតែសាច់ទេ»៕