(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញបើកសម្ពោធជាផ្លូវការរមណីយដ្ឋាន «ភូមិផ្កាត្រកួន» ដែលជាបុរីលំហែកាយ ទាន់សម័យបែបធម្មជាតិ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។
«ភូមិផ្កាត្រកួន» ជាទីកន្លែងច្នៃប្រឌិតរបស់ស្ថាបនិក និងសហគ្រិនខ្មែរ លោក ឌិន សុមេធារិទ្ធ ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន បានបង្កើតឡើងដោយយកគំនិត នៃការរក្សានូវរចនាបទផ្ទះខ្មែរ ជាមួយយុគសម័យទំនើប សម្រាប់ឲ្យប្រជាពលរដ្ឋទទួលអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ។
ថ្លែងក្នុងពិធីសម្ពោធនេះធ្វើឡើងនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរដល់គំនិតបង្កើត នូវបុរីលំហែទាន់សម័យ បែបធម្មជាតិរបស់ភូមិផ្កាត្រកួន ដែលវាជាចំណែកមួយ សម្រាប់បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋមួយចំនួន ដែលចង់រស់នៅបែបធម្មជាតិ ស្របយកខ្យល់អាកាសធម្មជាតិ។
លោក ឌិន សុមេធារិទ្ធ ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន បានឲ្យដឹងថា ភូមិផ្កាត្រកួន មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាមួយពេលៗនោះទេ លោកអ្នកអាចស្នាក់នៅទីកន្លែងនោះ ជាមួយផ្ទះរចនាបទខ្មែរ ជាមួយសម័យទំនើប និងភាពស្រស់បំព្រងល្អគាប់ភ្នែកនៃផ្កាត្រកួន ដែលរីកស្គុះស្គាយនៅតាមវាលស្រែ ម្យ៉ាងវិញទៀត ទីតាំងនេះក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងទីប្រជុំជននានាប៉ុន្មានដែរ ដែលអាចឲ្យភ្ញៀវទេសចរ ធ្វើដំណើរទៅលេងកម្សាន្តបានឆាប់រហ័ស ជាងកន្លែងផ្សេងទៀត។
លោកបានបញ្ជាក់ថា ជាចក្ខុវិស័យទៅរបស់លោក គឺការដាំដើមឈើ និងផ្កាចម្រុះពូជគ្រប់ប្រភេទ នៅក្នុងរមណីយដ្ឋានភូមិផ្កាត្រកួនរបស់លោក ដើម្បីរួមចំណែកការពារបរិស្ថាន អប់រំមនុស្សជំនាន់ក្រោយឲ្យស្គាល់ពីប្រភេទឈើទាំងនោះ ពិសេសដើម្បីបំផុសស្មារតីស្រលាញ់ធម្មជាតិ ការពារព្រៃឈើ និងបង្កើនការដាំដើមឈើឡើងវិញផងដែរ។
ភូមិផ្កាត្រកួន មានផ្ទៃដីចំនួនសរុបប្រមាណជា ១០០ហិចតា ដែល៤០ហិចតាត្រូវបានលក់អស់ និង៦០ហិចតាទៀតកំពុងអនុវត្តគម្រោងបន្ត ដើម្បីបំពេញនូវតម្រូវការ របស់ប្រជាពលរដ្ឋដែលមានក្ដីស្រមៃ នៃការរស់នៅបែបជាលក្ខណៈធម្មជាតិ មានទីធ្លាធំទូលាយអាចដាំដុះដំណាំផ្សេងៗ តាមតម្រូវការបាន។
លើសពីនេះទៅទៀតភូមផ្កាត្រកួន ក៏មានកន្លែងកំសាន្តសម្រាប់ជាក្រុម និងជាគ្រួសារដូចជា សួនកុមារ, សួនវង្វេង, អាងហែលទឹក, សួនបន្លែធម្មជាតិ, ទីលានបាល់ទាត់, កន្លែងប្រជុំ, កន្លែងបោះតង់, កន្លែងសមាធិ, កន្លែងជិះទូកកាយះកំសាន្ត, អាហារដ្ឋានដែលរសជាតិអាហារឆ្ងាញ់,និងមានកន្លែងសម្រាប់ពិធីជប់លៀងផងដែរ។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទេសចរណ៍ «ភូមិផ្កាត្រកួន» ជាកន្លែងទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅ បើធ្វើដំណើរវិញ គឺចំណាយពេលតែប្រមាណ៤០នាទីប៉ុណ្ណោះ ហើយវាពិតជាពិសេសបំផុតសម្រាប់ភ្ញៀវទេសចរ ទៅពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងទីប្រជុំជននានា៕