(ភ្នំពេញ)៖ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកបានចេញមកច្រានចោល ចំពោះការលើកឡើង ដោយមិនបានតាមដានព័ត៌មានគ្រប់ជ្រុងជ្រាយរបស់បណ្ឌិត មាស នី ដែលថា ក្រសួងសុខាភិបាលនិយាយមិនច្បាស់លាស់ពីជំងឺកូរ៉ូណាវីរុស ដែលធ្វើប្រជាជនមានការភ័ណ្ឌច្រឡំ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាសេរី នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញបណ្ឌិត មាស នី បានលើកឡើងថា ក្រសួងសុខាភិបាល និយាយមិនច្បាស់លាស់ ម្ដងថា មានជំងឺកូរ៉ូណាវីរុស ម្ដងថា អត់មានជំងឺកូរ៉ូណាវីរុស ដែលធ្វើប្រជាជនមានការភ័ណ្ឌច្រឡំ។
លោក លី សុវណ្ណ បានឆ្លើយតបថា «ខ្ញុំសូមប្រកាសថា ក្រសួងសុខាភិបាល ជាពិសេសនាយកដ្ឋានប្រយុទ្ធប្រឆាំងនៃជំងឺឆ្លង ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពបំផុត តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ដែលធ្វើអ្វីត្រូវតែតម្លាភាពនាយកដ្ឋានប្រយុទ្ធប្រឆាំងនៃជំងឺឆ្លង គ្មានហេតុផលណា ទៅកុហកប្រជាពលរដ្ឋបានទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា នាយកដ្ឋានប្រយុទ្ធប្រឆាំងនៃជំងឺឆ្លង តែងតែបង្ហោះព័ត៌មានបច្ចុប្បន្នភាពជាប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដែលធ្វើបច្ចុប្បន្នជារៀងរាល់ថ្ងៃ អំពីករណីជំងឺកូរ៉ូណាវីរុស ដែលកើតមាននៅក្នុងប្រទេសគេ ហើយក៏គ្មានកើតឡើងនៅប្រទេសកម្ពុជានោះឡើយ។
លោកបានបន្ថែមទៀតថា «យើងផ្សព្វផ្សាយទាន់ពេលវេលា សុក្រឹតមិនដែលកុហសនោះទេ ដូច្នេះយើងផ្សព្វផ្សាយ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជារៀងរាលថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ជាលើកទី១ ដែលយើងរកឃើញ ករណី (វីរុសកូរ៉ូណា) ទាន់ពេលវេលា នៅវេលាម៉ោង៧៖២១នាទីយប់»។
លើសពីនោះទៀត លោក លី សុវណ្ណ ក៏សូមឲ្យលោកបណ្ឌិត មាស នី ធ្វើការកែតម្រូវ ដើម្បីកុំឲ្យមានការភ័ណ្ឌច្រឡំ ដល់សាធារណៈជន ពីព្រោះមន្ដ្រីសុខាភិបាលទាំងអស់ ខិតខំធ្វើការមិនថាថ្ងៃ មិនថាយប់ ទាំងលេខ១១៥ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យមានការជាក់ស្ដែង ក្រសួងសុខាភិបាល ដែលយើងនិយាយអ្វី ដែលពិតត្រឹមត្រូវតម្លាភាព។
លោកបានគូសបញ្ជាក់ថា បើសិនជាអស់លោក-លោកស្រី ចង់រកភស្ដុតាងជាក់ស្ដែង អស់លោក-លោកស្រី អាចចូលទៅក្នុង នាយកដ្ឋានប្រយុទ្ធប្រឆាំងនៃជំងឺឆ្លង ដែលមានប្រវិត្ដ មិនអាចកែបាន ដែលធ្វើបច្ចុប្បន្នភាព ជារៀងរាល់ថ្ងៃ ហើយជាប្រព័ន្ធបច្ចេកវិទ្យា មិនអាចកែត្រឡប់ថយក្រោយបានទេ។
លោក លី សុវណ្ណ បានបន្ថែមថា «បងប្អូនក៏អាចរកភស្ដុតាង ចេញពីសារព័ត៌មានមួយចំនួនធំ ដែលយើងខ្ញុំ ក្នុងនាមជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានជារៀងរាល់ថ្ងៃ អំពីបច្ចុប្បន្នភាព មិនត្រឹមតែផ្សព្វផ្សាយ រៀងរាលថ្ងៃនោះទេ គឺរៀងរាល់ម៉ោងទៅទៀត»។
អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះ បានឲ្យដឹងទៀតថា ដោយឡែក ទាក់ទងទៅនឹងការប្រកាសអាសន្ន ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាវីរុសនេះ អង្គការសុខភាពពិភពលោក បានសូមឲ្យប្រទេសសមាជិកទាំងអស់ នៅក្នុងពិភពលោក អនុវត្ដចំណុចសំខាន់មួយចំនួន៖
ទី១៖ ធ្វើការផ្សព្វផ្សាយអប់រំប្រជាជនទាំងអស់ ឲ្យបានទូលំទូលាយ និងប្រកបដោយតម្លាភាព
ទី២៖ ត្រូវសិក្សាស្រាវជ្រាវតាមដាន ឲ្យមានប្រសិទ្ធភាពបំផុត ក្នុងការរកករណីដំបូងឲ្យឃើញ ហើយមិនឲ្យចម្លងទៅករណីទី២ ឬទី៣ ជាបន្ដបន្ទាប់
ទី៣៖ ត្រូវធ្វើការផ្លាស់ប្ដូរព័ត៌មាន ជាអង្គការសុខភាពពិភពលោក ជាមួយប្រទេសជិតខាង នូវព័ត៌មានទាន់ហេតុការណ៍ នូវមេរោគកូរ៉ូណាវីរុស ក្នុងគោលបំណងសិក្សារួមគ្នា ឲ្យទាន់ពេលវេលា
ទី៤៖ ប្រទេសទាំងអស់រួមគ្នា សិក្សាស្រាវជ្រាវរួមគ្នា ប្រសិនជារកឃើញអ្វីដែលថ្មី ត្រូវតែធ្វើការផ្លាស់ប្ដូរព័ត៌មានជាបន្ទាន់
ទី៥៖ អង្គការសុខភាពពិភពលោក មិនបានណែនាំឲ្យប្រទេសទាំងឡាយ ក្នុងសមាជិករបស់ប្រទេសក្នុងពិភពលោកនេះ មានការរើសអើង មានការផ្អាក ឬក៏មានការបញ្ឈប់ ក្នុងការធ្វើដំណើរចេញចូល ទៅប្រទេសចិន ឬមួយក៏ធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិននោះទេ។
លោកថា នេះជាសារសំខាន់ៗ ដែលជាច្បាប់ចេញដោយ អង្គការសុខភាពពិភពលោក ក្រោយពីប្រកាសអាសន្ន នូវជំងឺកូរ៉ូណាវីវុស ជាសុខភាពសាធារណៈ ដែលយើងត្រូវប្រកាសអាសន្ន។
បន្ថែមពីនោះទៀតលោក លី សុវណ្ណ ក៏សូមជម្រាបសាធារណជនផងដែរថា ប្រទេសកម្ពុជា បានអនុវត្ដរាល់អនុសាសន៍ ឬមួយក៏ច្បាប់ចេញ ដោយអង្គការសុខភាពពិភពលោក មុននឹងថែមទៀត ប្រកបដោយតម្លាភាពបំផុត៕