(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកកម្លាំងកម្ពុជាទាំងអស់ ឬកំពុងតែបំពេញបេសកកម្មនានា នៅក្រៅប្រទេសអនុវត្ត តាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា ថ្មី ខណៈកំពុងតែកើតមាននៅតាមបណ្តាប្រទេសមួយចំនួន។
ការក្រើនរំលឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីចូលរួមចាត់វិធានការណ៍ករណីជំងឺរលាកសួតដោយវីរុស កូរ៉ូណា ថ្មី ត្រូវថែទាំសុខភាព ហ្វឹកហាត់ និងលេងកីឡាជាប្រចាំ ដើម្បីបង្កើនថាមពលកាយសម្បទាឱ្យកាន់តែរឹងមាំថែមទៀត»។
ក្រៅពីការក្រើនរំលឹកពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទ ដែលបានសម្រេចបានជោគជ័យលើវិស័យរក្សាសន្តិភាព ដែលជាស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ សម្រាប់ប្រជាជាតិ ដែលជាសក្តីកម្មបញ្ជាក់ថា កម្ពុជាជាប្រទេសមួយកំពុងដើរតួនាទីយ៉ាង សកម្មដោយស្មើភាព ស្មើសិទ្ធិ ទាំងផ្នែកនយោបាយ នៅគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សម្តែងនូវការគោរពដឹងគុណ ចំពោះជនរួមជាតិទាំងអស់ ដែលបានលះបង់កូន ចៅ ប្តី ប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដើម្បីចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងក្នុងនាមមនុស្សធម៌ដ៏ថ្លៃថ្លា។
សូមជំរាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ ខណៈមនុស្សចំនួន ១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០៕