(ម៉ានីល)៖ ប្រតិភូក្រសួងទេសចរណ៍រួមជាមួយផ្នែកឯកជន បានចូលរួមតាំងពិព័ណ៍ទេសចរណ៍អន្តរជាតិ (ITTE 2020) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០។
គោលបំណង នៃការចូលរួមរបស់កម្ពុជា គឺដើម្បីជំរុញការផ្សព្វផ្សាយពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ និងសក្តានុពលទេសចរណ៍កម្ពុជា ពិសេសបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយពីកម្ពុជាជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន (ATF 2021) នៅឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ សំដៅទាក់ទាញប្រតិបត្តិករទេសចរណ៍ទាំងអ្នកទិញ និងអ្នកលក់ វិនិយោគិន និងភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត និងចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITTE 2020 ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកចូលរួមមកពីផ្នែកសាធារណៈ និងឯកជន អ្នកសារព័ត៌មាន ប្រតិបត្តិករទេសចរណ៍ អ្នកលក់ចំនួន ៧១ក្រុមហ៊ុន អ្នកទិញ ៣២០ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១១៤ស្តង់ មកពីប្រទេសចំនួន ២៧ ជុំវិញពិភពលោក។
ក្នុងឱកាសនោះ ប្រតិភូកម្ពុជាបានធ្វើបច្ចុប្បន្នភាពដល់ក្រុមអ្នកសារព័ត៌មាន និងទេសចរអន្តរជាតិពីគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅមានសុវត្ថិភាពសម្រាប់ទេសចរទូទាំងពិភពលោក ក្នុងដំណាក់កាលដែលជំងឺរលាកផ្លូវដង្ហើម «វីរុសកូរ៉ូណា» ជះឥទ្ធិពលលើវិស័យទេសចរណ៍ក្នុងតំបន់។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការតាមដានយ៉ាងហ្មត់ចត់ និងគ្រប់គ្រងស្ថានការណ៍នៃជំងឺផ្លូវដង្ហើមនេះបានយ៉ាងល្អ ដូច្នេះកម្ពុជាសូមអញ្ជើញទេសចរអន្តរជាតិទាំងអស់មកទស្សនាដូចធម្មតា។ ជាងនេះទៅទៀត កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ដូចជា ASEM 2020 វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ជាដើម។
សូមបញ្ជាក់ថា កម្ពុជាទទួលបានទេសចរចំនួន ៦.៦លាននាក់ឆ្នាំ២០១៩ កើនឡើង ៦.៦% ក្នុងនោះទេសចរហ្វីលីពីនមានចំនួន ១០៥,០១៧នាក់ កើនបាន ១៣.៦%៕