(ភ្នំ​ពេញ)៖ ការរួម​​បញ្ចូល​គ្នា​​ ​រវាង ​​​​​​​ធ​នា​គារ ​ហ្វីលីព (Phillip​ Bank) និងគ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​​ក្រេឌីត (Kredit MFI) បាន​ទទួល​​ការអនុម័ត​​ជា​ផ្លូវ​ការ​ពី​ធ​នា​គារ​ជាតិ​នៃ​កម្ពុជា និងក្រសួង​ពាណិជ្ជ​កម្ម។ ការរួមបញ្ចូលគ្នានេះ ជាការ​​រួម​បញ្ចូល​គ្នា​ដ៏ធំមួយ​​ក្នុង​វិស័យ​ធ​នា​គារ​នៅ​កម្ពុជា ដែល​បង្កើត​ឲ្យ​មាន​បណ្តាញ​សា​ខា​ធនា​គារ​ពាណិជ្ជ​​ដ៏​​ធំបំផុត​លំ​ដាប់​ទី​៣ ក្នុង​ប្រទេស​​។

ស្ថា​ប័ន​​ថ្មី​នេះ នឹងដំណើរការ​ប្រតិ​បត្តិក្រោមឈ្មោះ​ជា​ ធ​នា​គារ ហ្វីលីព ភីអិលស៊ី និងមាន​​បុគ្គ​លិកបម្រើការងារ​ច្រើន​ជាង​​​២,០០០​នាក់ ហើយ​ថ្នាក់​គ្រប់គ្រង​របស់​ធនា​គារ ​ហ្វីលីព បានប្ដេជ្ញាថា ​​ទាំង​បុគ្គ​លិក​ ​ធនា​គារ​ ហ្វីលីព និង​ក្រេឌីត នឹង​​ត្រូវរក្សានៅដដែល បន្ទាប់​ពីការ​រួម​បញ្ចូល​គ្នា​នេះ​។ 

ធនា​គារ ហ្វីលីព ដែល​បាន​រួម​បញ្ចូល​គ្នា​នេះ ​មាន​សា​ខា​សរុប​ចំនួន​៨៩ការិយាល័យទូ​ទាំង​​កម្ពុជា ពោលគឺ​បញ្ចូល​​សា​ខា​ចំនួន​៨៣​កន្លែង​របស់​ក្រេឌីត ជា​មួយនឹង​សា​ខា​ចំនួន​៦​កន្លែង​​របស់ ​ធនា​គារ​ ហ្វីលីព​។

លោក Ong Teong Hoon ក្រុមប្រឹក្សាភិបាល និង​​តំណាង​ភាគទុនិកនៃ ​ធនា​គារ ហ្វីលីព បាន​ថ្លែងថា៖ «យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ទទួល​បាន​លិខិត​អនុ​ម័ត​ចុងក្រោយលើ​ការ​រួម​បញ្ចូល​គ្នា ដែល​​មាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជាច្រើន​ខែមក​ហើយ»​។
លោក​បន្ត​ថា៖ «តំណាង​ឲ្យ​ម្ចាស់​ភាគ​ហ៊ុន និង​​បុគ្គ​លិក​ទាំង​អស់នៃ​ធនា​គារ ​ហ្វីលីព ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ទៅកាន់​ធនា​គារ​ជាតិនៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជ​កម្ម ចំពោះ​​ការ​គាំទ្រ​ ស្ថាប័នទាំងពីរ​ លើរាល់​ដំណាក់​​កាលនៃ​ការរួម​​បញ្ចូល​គ្នា​ដ៏សំខាន់​នេះ ស្របពេលដែល​វិស័យ​ធនា​គារ​ក្នុង​ស្រុក​កំពុងមាន​ភាព​ប្រកួត​ប្រជែងខ្ពស់​»​។

ការ​រួម​បញ្ចូល​គ្នា​នេះ មាន​ន័យ​​ថា អតិថិ​ជន​​​របស់​ក្រេឌីត នឹង​អាចប្រើប្រាស់រាល់សេវាកម្ម​បែប​ទំនើប​របស់​ធនា​គារ​ ហ្វីលីព​ ដូចជាសេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាធនាគារចល័ត ព្រមទាំងសេវាធនាគារអនឡាញ ដែលនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។​ ដោយ​ឡែក អតិ​ថិ​ជន​របស់ ​ធនា​គារ​ ហ្វីលីព នឹង​អាច​​ប្រើ​ប្រាស់​ម៉ាស៊ីនដក/ដាក់ប្រាក់របស់​ក្រេឌីត ​ទូ​ទាំង​ប្រទេស ដោយ​មិន​មាន​ការ​​​​​គិត​​ថ្លៃ​សេវា​បន្ថែម​​ឡើយ​។

នៅដំណាក់កាល​ដំបូង ​បន្ទាប់ពីការរួមបញ្ចូលគ្នាជាផ្លូវការនេះ សា​ខា​ទាំង​១២​របស់​ក្រេឌីត នៅ​រាជ​ធានី​ភ្នំ​ពេញ ខេត្តសៀម​រាប បាត់​ដំបង កំពត តា​កែវ បន្ទាយ​មាន​ជ័យ កំពង់​ឆ្នាំង កំពង់​ស្ពឺ ក្រចេះ និងស្រុក​ស្វាយ​អន្ទរ នឹង​ត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី។

សា​ខា​ដែលផ្លាស់ប្តូរមុខមាត់ថ្មី​​​ទាំង​នេះ នឹង​មាន​រូប​រាង​ដ៏​ទាក់​ទាញ និងរចនាបថ​ទំនើប ដែលមានលក្ខណៈស្រដៀងនឹងសាខាគំរូរបស់ធនាគារហ្វីលីពស្ថិតនៅតាមបណ្តោយមហា​វិថី​កម្ពុជា​ក្រោម ក្នុងរាជ​ធានី​ភ្នំ​ពេញ ដែលទើបតែដាក់សម្ពោធជាផ្លូវការកាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩​។

គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៩ របាយ​ការណ៍​ហិរញ្ញ​វត្ថុ​​​​​របស់ធនា​គារ​​ ហ្វីលីព បាន​បង្ហាញ​ថា ស្ថាប័នដែលរួមបញ្ចូលគ្នានេះ មានទ្រព្យ​​សម្បត្តិសរុប​ចំនួន​៦២៣​លាន​ដុល្លារ​អាមេរិក ប្រាក់បញ្ញើសន្សំចំនួន៤០០​លាន​ដុល្លារ​អាមេរិក និង​​ឥណទានចំនួន៤៩០​លាន​ដុល្លារ​អាមេរិក រួម​ជាមួយនឹង​អតិ​ថិ​ជនបញ្ញើសន្សំ​ ​ចំនួន​​ ៩១,០០០​នាក់ និង​អតិ​ថិ​ជនកម្ចី​ជិត​៦៩,០០០​នាក់​។

ម្ចាស់​ភាគ​ហ៊ុនតែមួយគត់ ​​​​របស់​ធនា​គារ​ដែល​បាន​រួមបញ្ចូល​គ្នា​នេះ គឺ​ក្រុមហ៊ុន PhillipCapital របស់​សិង្ហ​បុរី ដែល​ជា​ស្ថាប័ន​ផ្តល់​​សេវា​ហិរញ្ញ​វត្ថុ​ចម្រុះ ដែលមាន​ប្រតិ​បត្តិការ​​ក្នុង១៥​ប្រទេស ទូ​ទាំង​ពិភព​លោក និង​មាន​ទ្រព្យស​ម្បត្តិ​សរុប​​​​ចំនួន​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន PhillipCapital មានថ្លែងថា៖ «យើង​ពិត​ជាមានសេចក្តី​រំភើប​ក្រៃ​លែង​ក្នុង​ការ​​រួមបញ្ចូល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រេ​ឌីត ​ដែលមានបណ្ដាញសេវាដ៏រឹងមាំនៅ​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ចំណេះ​ដឹង​ និង​ក្បួនអនុ​វត្តលំដាប់អន្តរ​ជាតិ​ដ៏ល្អ​បំផុត​របស់​​ ធនា​គារ​ ហ្វីលីព ដើម្បី​បង្កើតបានជាគ្រឹះស្ថានហិរញ្ញ​វត្ថុ​មួយ ដែល​នឹង​បម្រើ​ដល់​តម្រូវការផ្នែក​ហិរញ្ញ​វត្ថុ​​ដែល​កំពុង​វិវឌ្ឍ​យ៉ាងឆាប់រហ័សនៅ​កម្ពុជា ជាមួយ​នឹង​​​ផលិត​ផល​ធនា​គារ​ និង​ធា​នា​រ៉ាប់​រង​ដ៏ល្អ​បំផុត ជាមួយនឹង​​ការ​ប្តេជ្ញា​ចិត្តជាចម្បងលើការផ្តល់​សេវា​កម្មជូន​អតិ​ថិជន​»​។

ការ​បណ្តាក់​ទុន​របស់​ក្រុមហ៊ុន PhillipCapital នៅ​កម្ពុជា បាន​កើន​ឡើង​ពី​​ទឹក​​ប្រាក់ ​១០០​,០០០​ដុល្លារអាមេរិក លើ​​គ្រឹះ​ស្ថានហិរញ្ញវត្ថុ First Finance កាល​ពីឆ្នាំ២០០៩ រហូត​ដល់​ទំហំ​ទឹកប្រាក់ច្រើន​ជាង​១១០​លាន​ដុល្លារ​ មកដល់​​សព្វ​ថ្ងៃ​នេះ​។
ក្រុមហ៊ុន PhillipCapital គឺ​ជាម្ចាស់​ភាគហ៊ុន​តែ​មួយគត់របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ក្រេឌីត និង​ធនា​គារ​ ហ្វីលីព នៅមុន​ពេល​ស្ថា​ប័ន​ទាំង​២​ រួម​បញ្ចូល​គ្នា ហើយក្រុមហ៊ុន​ក៏​នៅ​តែ​រក្សា​ភាគ​ហ៊ុន​ធំ​របស់​ខ្លួន​ ១០០% ក្នុង​​​ស្ថាប័ន​ដែល​បានរួម​​បញ្ចូល​គ្នា​នេះ​ផងដែរ​។

ក្រេឌីត បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​​គម្រោង​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដ៏តូច​មួយ ក្រោម​ជំនួយ​ពី​អង្គ​ការ World Relief របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩៩៣ និង​បាន​ផ្លាស់ប្តូរមុខមាត់ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ ទៅ​ជា​គ្រឹះ​ស្ថាន​មួយ​ក្នុង​ចំណោម​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ឈានមុខ​គេ​នៅកម្ពុជា ដោយ​មាន​បេស​កកម្ម​ស្នូលមួយ​​ ក្នុង​ការ​គាំទ្រ​ការ​​អភិវឌ្ឍ​ប្រទេស​នេះ តាម​រយៈ​សេវា​​ហិរញ្ញ​វត្ថុ​របស់​ខ្លួន និង​កម្ម​វិធី​សង្គម​ដ៏​រឹងមាំ​​មួយ ដើម្បី​ជួយ​​ដល់ប្រជាជនដែលងាយរងគ្រោះ​។

កម្ម​វិធី​សង្គមមួយនេះ​​ នឹង​បន្ត​​ដំណើរការក្រោម​ការ​គ្រប់គ្រង​របស់​ធនា​គារ​ ហ្វីលីព ហើយ​នឹង​​ត្រូវ​កែ​ប្រែ​​ឈ្មោះ​ទៅ​ជា​​អង្គការ «គាំពារ​ភូមិ​យើង» ដែល​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាលមួយ​ ដែល​ផ្តោត​ជា​ចម្បង​ទៅលើសុខុមាលភាពកុមារ ការ​អប់​រំ និង​ចំណេះ​ដឹងផ្នែក​ហិរញ្ញ​វត្ថុ​៕