(ភ្នំពេញ)៖ ព្រះសពសម្តេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ ត្រូវបានបូជាហើយនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើសួនច្បារមុខវត្តបទុមវតី។ ព្រះសពរបស់ព្រះអង្គ ត្រូវបានថ្វាយព្រះភ្លើងបូជាដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
មុនពិធីបូជាព្រះសពសម្តេចព្រះសង្ឃ លាស់ ឡាយ ត្រូវបានដង្ហែចេញពីវត្តសន្សំកុសល ដោយមានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃ មន្ត្រីសង្ឃជាច្រើន និងមានការអញ្ជើញចូលរួមពីប្រជាពុទ្ធស័ទ ជាច្រើនរូបផ្សេងទៀត។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ព្រះធាតុរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ នឹងត្រូវយកទៅតម្កល់ទុកនៅចេតិយក្នុងវត្តសន្សំកុសល។ លោក សុមុនី បន្តថា មន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្ត នឹងរៀបចំពិធីបុណ្យរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានសោយទិវង្គតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា។
សម្តេចព្រះធម្មលិខិតលាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ។
ក្នុងវ័យ១២ឆ្នាំ មាតាបិតាបានឱ្យកុមារា លាស់ ឡាយ នាំទៅបួសជាសាមណេរក្នុងសំណាក់ព្រះគ្រូ ឯល គាំ និងមាតាបិតាក៏បានចាត់ឱ្យទៅរៀនព្រះបរិយត្តិធម៌ក្នុងសំណាក់លោកគ្រូមហាអ៉ឹម នៅវត្តព្រះពុទ្ធមានបុណ្យ ក្រុងភ្នំពេញ។ ក្រោយមកសាមណេរអង្គនេះបានទៅគង់នៅវត្តឧណ្ណាលោម ដើម្បីរៀនបរិយត្តិធម៌បន្តទៀតរហូតដល់អាយុ១៩ឆ្នាំ ទើបលាចាកសិក្ខាបទទៅបម្រើមាតាបិតាវិញ។
យោងតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា លុះដល់អាយុ ២១ឆ្នាំ មាតាបិតាបាននាំទៅបំពេញឧបសម្បទាជាភិក្ខុភាពក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាមអ៊ុក នៅវត្តសំរោង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ខាងលិចផ្សារឧដុង្គ) ដែលជាស្រុកកំណើតរបស់ញោមស្រី។ នៅក្នុងឆ្នាំនោះ ភិក្ខុលាស់ ឡាយ បាននិមន្តទៅគង់នៅវត្តមហាមន្ត្រី ដើម្បីរៀនបរិយត្តិធម៌បន្តទៀត។
ក្នុងឆ្នាំ១៩៤៨ ភិក្ខុ លាស់ ឡាយ បានទៅជួយបង្រៀនបរិយត្តិធម៌នៅវត្តកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប បានមួយឆ្នាំ ក្រោយមកសម្តេច ហួត តាត ជាអគ្គាធិការបានចេញប្រកាសនិយបត្រតាំងជាអាចារ្យបង្រៀនផ្លូវការនៅពុទ្ធិកបឋមសិក្សា នៅវត្តមហាមន្ត្រី។ ឆ្នាំ១៩៦៥ បានទៅសិក្សាផ្នែកគរុកោសល្យនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ១ខែ ហើយសម្តេចព្រះសង្ឃរាជ្យជួន ណាត បានតែងតាំងជាព្រះគ្រូឃោសាភិរ័ត្ន ជាឋានានុក្រមសង្ឃថែមទៀត ។ ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធានគណៈសង្ឃសម្រាប់វត្ត ។
ឆ្នាំ១៩៧៥ ពួកទមិឡឥតសាសនាបាននិរទេសភិក្ខុលាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម ។ ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនាបានយកបណ្ឌិតលាស់ ឡាយ ទៅសម្លាប់រហូតដល់ពីរដង ប៉ុន្តែមិនបានសម្រេចដូចបំណងឡើយ ។ នៅឆ្នាំ១៩៧៩ បណ្ឌិតលាស់ ឡាយ បានមកចូលក្រុងភ្នំពេញវិញ និងគង់នៅវត្តសន្សំកុសល រួចបានទៅបំពេញភិក្ខុភារៈឡើងវិញនៅវត្តឧណ្ណាលោម ដោយមានព្រះវិន័យធរទេព វង្ស (កាលនោះមិនទាន់ឡើងព្រះឋានៈជាសម្តេចព្រះសង្ឃរាជ) ជាព្រះឧបជ្ឈាយ៍៕