(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១៨៤នាក់ ជាកងកម្លាំងវិស្វកម្មលេខ៦៩៣ ដែលបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាហើយ។
ពិធីទទួលកងកម្លាំងទាំងនេះ បានធ្វើឡើងនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Poline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការជាតិ និងនាយទាហាន នាយទាហានរង ពលទាហានយ៉ាងច្រើនផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ កម្ពុជា បន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់មួយចំនួនដូចជា៖ ការដោះមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-សំណង់ បញ្ឈរ ការជីកអណ្តូងទឹកស្អាត ដោយកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។
លោកបានបន្តថា តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញាឆ្នាំ២០១៩ កម្ពុជា ទទួលបានលំដាប់លេខ២៨ និងស្ត្រីលេខ២០ ក្នុងចំណោម១២០ ប្រទេសដែលបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយុទ្ធនារីទៅកាន់តំបន់បេសកកម្ម។
រហូតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងមួកខៀវសរុបជាង ៦ពាន់នាក់ (នារី៣៦២នាក់) ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ កំរិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕