(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា ឥរិយាបទ ក៏ដូចជាអាកប្បកិរិយារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គឺសំខាន់ និងចាំបាច់បំផុត ក្នុងពេលបម្រើផ្ដល់សេវាសាធារណៈផ្សេងៗ ពិសេសការផ្ដល់សេវាតម្រូវការ ជូនដល់ប្រជាពលរដ្ឋ ដែលជាការដឹកនាំចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
បន្ថែមពីនេះលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានជំរុញឲ្យកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការស្រាវជ្រាវ និងការបង្ក្រាបជាក់ស្ដែង រាល់បទល្មើសគ្រប់ប្រភេទ ក្នុងទិសដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការគូសបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌ និងការជំរុញបន្ថែមរបស់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានធ្វើឡើងក្នុងពេលនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់លោកឧត្តមសេនីយ៍ ឯក យឹម លាង នាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជានាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ ដើម្បីមកឧបត្ថម្ភជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌចំនួន១៩០នាក់ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ជា ពិសី បានថ្លែងថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺមានភារកិច្ចចាំបាច់បំផុត នោះគឺការការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការការពារជាតិសាសនា ព្រះមហាក្សត្រ ក្រៅពីយកចិត្តទុកដាក់ ពង្រឹងសន្តិសុខ សវត្ថិភាព និងការបន្ទន់ឥរិយាបទ និងអាកប្បកិរិយា ដើម្បីបម្រើផ្ដល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា ចំអំណោយរបស់លោកឧត្តសេនីយ៍ឯក យឹម លាង ដែលត្រូវបានលោកអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ យកមកឧបត្ថម្ភជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌ ១៩០នាក់នាព្រឹកនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ១បេ (២៥គីឡូក្រាម), ទឹកក្រូច១កេស, ស្រាបៀរ១កេស, និងថវិកា ចំនួន៥ម៉ឺនរៀលស្មើៗគ្នា៕