(ភ្នំពេញ)៖ ថ្លែងប្រាប់ឲ្យដឹងពីសំណាក់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា អ្នកជំងឺផ្ទុកមេរោគកូរ៉ូណា ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ មានសុខភាពល្អប្រសើរជាធម្មតា មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះ ហើយអ្នកជំងឺកំពុងបន្តទទួលការព្យាបាលថែទាំ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅឡើយទេ មិនទាន់បានចាកចេញពីមន្ទីរពេទ្យទេ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ មានតែមួយករណីប៉ុណ្ណោះលើជនជាតិចិន។
លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មានយ៉ាងដូច្នេះថា៖ «អ្នកជំងឺជនជាតិចិន នៅខេត្តព្រះសីហនុ មានសុខភាពល្អជាធម្មតា ប៉ុន្តែមិនទាន់បានចាកចេញពីមន្ទីរពេទ្យនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃនេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ, កាលពីម្សិលមិញក្រុមគ្រូពេទ្យបានយកសំណាកលើកទី១ មកពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ ហើយលទ្ធផលនឹងចេញនៅរសៀលថ្ងៃនេះ»។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា «ប្រសិនបើពិនិត្យសំណាកចំនួន២លើក ឃើញថាល្អមិនមានផ្ទុកមេរោគទេ ទើបអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែពេលនេះអ្នកជំងឺទើបបានពិនិត្យសំណាកលើកទី១, ហើយរហូតដល់ពេលនេះកម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ»។
សូមជំរាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦០នាក់ហើយ ខណៈមនុស្សចំនួន១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០៕