(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្តទាំងអស់ ប្រឹងប្រែងលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រិះស្ថានសិក្សា។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រីបានលើកឡើងថា អំឡុងពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅតាមបណ្តាខេត្តបានពុលអាហារ មានអាការទន់ដៃទន់ជើង និងថប់អារម្មណ៍ ករលើខ្លះឈានទៅដល់ការដួលសន្លប់ ជាពិសេសសិស្សស្រី។ ករណីទាំងនេះ មន្ត្រីជំនាញសុខាភិបាលបានរកឃើញថា បណ្តាលមកពីការបរិភោគអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព កង្វះអាហារូបត្ថម្ភ ការសម្រាកមិនគ្រប់គ្រាន់ កាទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងកង្វះអនាម័យជាដើម។
លោករដ្ឋមន្ត្រីបន្ថែមថា ឆ្លើយតបទៅនឹងករណីទាំងនេះ ក្រសួងបានចេញញសេចក្តីណែនាំជាច្រើន ក្នុងគោលបំណងចូលរួម លើកកម្ពស់សុខភាពរបស់សិស្ស ជាពិសេសការបង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងការថែទាំសុខភាព នៅតាមរដូវកាលនីមួយៗ ដោយគ្របដណ្តប់ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើនបានអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំបានយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងនេះក្តី ក៏នៅមានគ្រឹះស្ថានសិស្សមួយចំនួន មិនអនុវត្តបានគ្រប់ជ្រុងជ្រោយនៅឡើយ ជាហេតុធ្វើឱ្យសិស្សានុសិស្សមួយចំនួន ទទួលរងបញ្ហាសុខភាព និងនាំឱ្យប៉ះពាល់ដល់ការសិក្សាប្រចាំថ្ងៃ។
ដើម្បីចូលរួមកាត់បន្ថយហានិភ័យសុខភាពរបស់សិស្ស លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុណ បានស្នើដល់ប្រធានមន្ទីរអប់រំ គ្រប់រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពតាមគ្រឹះស្ថានសិក្សាដូចខាងក្រោម៖
១៖ សេចក្តីណែនាំ ស្តីពីការរក្សាសុខភាព និងការបង្ហារជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា។
២៖ សេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានញឹកញាប់ក្នុងរដូវភ្លៀង នៅតាមគ្រឹះស្ថានសិក្សា។
៣៖ សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
៤៖ សេចក្តីណែនាំ ស្តីពីវិធានការការពារខ្លួនពីភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នារដូវភ្លៀង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
៥៖ សេចក្តីណែនាំ ស្តីពីវិធានការបង្ការអាការទន់ដៃ ទន់ជើង និងការថប់អារម្មណ៍ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
៦៖ សេចក្តីណែនាំ ស្តីពីការពង្រឹងអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
៧៖ សេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការ បង្ហារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) តាមគ្រឹះស្ថានសិក្សាជារណៈ និងឯកជន។
ជាមួយគ្នានេះ បណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំ មន្ទីរអប់រំគ្រប់រាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយការងារលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រឹះស្ថានសិក្សា ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕