(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖២២នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន អញ្ជើញអមដំណើរសម្តេចតេជោ ចេញទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ។ មន្ត្រីដែលអមដំណើរសម្តេចតេជោ រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។
កិច្ចប្រជុំកំពូលពិភពលោក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។
សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។
ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍និងគ្រួសារជាដើម។
នៅក្នុងដំណើរអញ្ជើញទៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។
តាមរយៈដំណើរបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាការរួមចំណែកថ្មីមួយ ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។
កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក គឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានរីកចម្រើនល្អប្រសើរជាបន្តបន្ទាប់លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា រីកធំធាត់ជាបន្តបន្ទាប់។ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។
ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ ទំនិញកម្ពុជា នាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។
ដោយឡែកការវិនិយោគវិញ កម្ពុជាទទួលបានការវិនិយោគពីប្រទេសកូរ៉េខាងត្បូងជាង ៤ពាន់លានដុល្លារ លើវិស័យវេយណភណ្ឌ កសិកម្ម អចលនទ្រព្យ និងសំណង់ជាដើម។ ក្នុងចំណោមគម្រោងវិនិយោគប្រមាណ ២១៤គម្រោង មាន ១២៣គម្រោងវិនិយោគលើរោងចក្រជាមួយទុនវិនិយោគ ៤៨៦លានដុល្លារ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង។
តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ ប្រទេសកូរ៉េខាងត្បូង បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនកន្លែងផងដែរ។ គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩កន្លងទៅនេះ មានពលករខ្មែរសរុបចំនួន ៦៦,៥៦៥នាក់ បានធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជាមួយប្រាក់ឈ្នួលចន្លោះពី ១,៥០០ដុល្លារ រហូតដល់ ៣,០០០ដុល្លារ។ ថវិកាប្រមាណ ៦០០លានដុល្លារអាមេរិក ត្រូវបានបញ្ជូនពីកូរ៉េខាងត្បូង មកប្រទេសកម្ពុជាតាមរយៈប្រាក់ឈ្នួលរបស់ ពលករទាំងនេះ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
បច្ចុប្បន្នមានស្រ្តីខ្មែរ ទទួលបានសញ្ជាតិកូរ៉េ តាមរយៈការរៀបអាពាហ៍ពិពាហ៍ប្រមាណ ១០,០០០នាក់ ហើយមាននិស្សិតកំពុងសិក្សានៅកូរ៉េប្រមាណ ៣០០នាក់។
សូមរំលឹកផងដែរថា ដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ គឺជាដំណើរលើកទី៧ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន គិតចាប់ពីឆ្នាំ២០១៦មក។ ទស្សនកិច្ចលើក១ នៅឆ្នាំ១៩៩៦, លើកទី២ នៅឆ្នាំ ២០០១, លើកទី៣ នៅឆ្នាំ២០០៦, លើកទី៤ នៅឆ្នាំ២០០៨, លើកទី៥ នៅឆ្នាំ២០០៩ និងលើកទី៦ នៅឆ្នាំ២០១៤៕