(ភ្នំពេញ)៖ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ បានបញ្ចប់ ០៩ប្រកួត ក្នុងសប្តាហ៍ទី១ ដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃ ដោយក្នុង១ថ្ងៃមាន៣គូប្រកួត ចាប់ពីថ្ងៃទី២៩ ខែមករា និងថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ២០២០។
ការប្រកួតថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២០៖ សសយក សង្កាត់ចេក ០-៩ សសយក ស្រុកចន្ទ្រា, កាំភ្លើងធំ ស្កាយ ១-៣ សសយក ក្រុងស្វាយរៀង, សសយក ស្រុកស្វាយទាប ០-៧ ក្លឹបពូប្រុសជីភូ។
ការប្រកួតថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៖ សាកល United ៥-០ យុវជនសាមគ្គី, អធិរាជតាពៅ ក្រុងបាវិត ០-៩ Panda FC, អធិការ នប បាវិត ១១-០ មិត្តល្អ។
ការប្រកួតថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០៖ សសយក ក្រុងបាវិត ១១-១ Spiders FC, ភូមិហ៊ីង ១-១ United SEZ, ស្ថានីយ៍ទឹកស្អាតដូនស ១០-០ Duansior FC។
ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង ។
ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុបប្រមាណ១,៥០០នាក់។ ការប្រកួតនឹងធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលាន កីឡដ្ឋាន ខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។
លក្ខ័ណចូលរួមក្រុមកីឡាទាំងអស់ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី ១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត ១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន ៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។
រូបមន្តនៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។
ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។
គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕