(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសព្រៃឈើពីរករណី នៅក្នុងស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី ដោយរឹបអូសបានឈើចំនួន ៣២ដុំ តែរកមុខជនប្រព្រឹត្តល្មើសមិនឃើញនោះទេ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដែលធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការចូលរួមកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ចំនួន០៦នាក់ សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស០១នាក់ និងកម្លាំងទាហានវរៈ១០២ ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ។
លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានចុះទៅដល់ចំណុច២គោលដៅផ្សេងៗគ្នា ក្នុងនោះ៖ គោលដៅទី១ ស្ថិតនៅភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ប្រទះឃើញឈើចំនួន ១៨ដុំ ប្រភេទសុក្រំ និងគោលដៅទី២ ស្ថិតនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ប្រទះឃើញឈើចំនួន ១៤ដុំ ប្រភេទសុក្រំ។
មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ រូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា វត្ថុតាងឈើទាំង២គោលដៅខាងលើ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានដឹកយកទម្លាក់ទុកចោល នៅភូមិសាស្ត្រខាងលើ។ ឈើខាងលើ កម្លាំងសមត្ថកិច្ច បានរឹបអូស និងដឹកជញ្ជូនយកមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បណ្ដោះអាសន្ន ដើម្បីប្រគល់ជូនទៅកម្លាំងជំនាញធ្វើការវាស់វែង និងចាត់វិធានការបន្ត៕