(ភ្នំពេញ)៖ កិច្ចពិភាក្សា ស្តីពី សុខភាព ក្រោមប្រធានបទ «ទារក និងដំណើរឆ្ពោះ ទៅរកភាពជាម្តាយ» ដែលត្រូវបានរៀបចំឡើងយ៉ាងធំ នៅក្នុងរាជធានីភ្នំពេញ ទាក់ទាញចំណាប់អារម្មណ៍ ដល់មហាជនជាច្រើន ជាពិសេសអ្នកម្តាយ និងអ្នកដែលមានគម្រោងចង់បានបុត្រ។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទង នឹងសុខភាពមាតា និងទារក តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ដែលមានវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។
មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center បានរៀបចំកិច្ចពិភាក្សា ស្តីពី សុខភាពនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីដំណាក់កាលសំខាន់នីមួយៗ នៃភាពជាឪពុកម្តាយ។
សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើន ដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ ឬសម្រាល។
ក្នុងកម្មវិធីនោះ លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិត SomriPitukkijronnakorn ឯកទេសជំនាញផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងចំណោមអ្នកម្ដាយ នៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះ ទៅរកភាពជាម្តាយ ប្រកបដោយសុខភាពល្អ ដែលអ្នកទាំងអស់គ្នា តែងតែប្រាថ្នាចង់បាន។
លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri បានលើកឡើងថា «សុខភាពរបស់ទារក និងម្តាយ ចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយ ដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ដោយយល់ឃើញ ពីភាពសំខាន់បែបនេះហើយ បានជាមន្ទីរពេទ្យបំរុងរ៉ាត់ បានសហការជាមួយ VitalLife រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង»។
លោកស្រីបន្ដថា «យើងសង្ឃឹមថា ទាំងម្តាយ ទាំងកូននឹងទទួលបានសុខភាពមាំមួន និងល្អប្រសើរ នៅពេលពួកគាត់អនុវត្ត តាមគោលការណ៍ណែនាំ របស់យើង»។
ជាមួយនឹងបទពិសោធន៍ អស់រយៈជាង៣០ឆ្នាំ លោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជ នៃមជ្ឈមណ្ឌលសុខភាព VitalLife បានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោក នៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងវិញ នូវសុខភាពម្តាយ និងការវិវត្តន៍របស់កូន ក្រោយពេលសម្រាលរួច។
លោកវេជ្ជបណ្ឌិត Pansak បានឲ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយ នៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀត ដូច្នេះ ខ្ញុំអាចមានឱកាសគ្រប់គ្រាន់ ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំ អំពីអ្វីដែលត្រូវបានហៅថា ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ»។
លោកថា «នេះគឺជាព័ត៌មាន ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ស្ត្រីទាំងអស់ ដែលបានចូលរួម ក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់ នឹងអាចទាញយកនូវអ្វី ដែលពួកគាត់បានរៀនសូត្រ និងទទួលបាន នៅពេលនេះ ហើយយកទៅអនុវត្ត ឲ្យបានល្អប្រសើរ ដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង»។
អ្វីដែលកាន់តែពិសេស នៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន របស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានបុត្រ ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ឆាលី នៅក្នុងមន្ទីរពេទ្យ បំរុងរ៉ាត់ ។ អ្នកនាង បានចែករំលែកពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ខ្លួន អំពីដំណើរសម្រាលនៅមន្ទីរពេទ្យ បំរុងរ៉ាត់ ។
ក្នុងឱកាសនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យឯកទេស ជំនាញរបស់មន្ទីរពេទ្យ បំរុងរ៉ាត់ទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះរូបគាត់ និងកូនរបស់គាត់។
អ្នកនាង សុគន្ធកញ្ញា បានចែករំលែកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំឡើងដោយមន្ទីរពេទ្យ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife ដែលទីនោះជាកន្លែង ដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ»។
អ្នកនាង ឱក សុគន្ធកញ្ញា បាននិយាយថា «ពីដំបូង ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ អំពីកូនខ្ញុំ និងសុខភាពរបស់ខ្ញុំ ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំ ជាមួយមន្ទីរពេទ្យ បំរុងរ៉ាត់ ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថា គឺជាមន្ទីរពេទ្យដ៏ល្អបំផុត មិនធ្លាប់មានសម្រាប់រូបខ្ញុំ។ កូនខ្ញុំ និងខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះ»។
អ្នកនាង បានបន្ដទៀតថា «ដូច្នេះ ខ្ញុំក៏មានសេចក្តីរីករាយណាស់ដែរ ដោយខ្ញុំសូមណែនាំដល់ស្ត្រីទាំងឡាយដែលកំពុងពពោះ ឬមានគម្រោងចង់បានបុត្រ សូមជ្រើសរើសយកមន្ទីរពេទ្យបំរុងរ៉ាត់ ចុះប្រាកដជាមិនខកបំណង របស់លោកអ្នកឡើយ»៕