(ភ្នំពេញ)៖ នៅឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ និងបញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ៥៩នាក់ទៅកាន់តុលាការ។ ក្រៅពីឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើហើយនោះ រថយន្ត និងមធ្យោបាយដឹកជញ្ជូនឈើ ៤៩១គ្រឿងត្រូវបានរឹបអូស ហើយរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុប ២១២គ្រឿង ត្រូវបានបំផ្ទុះ ដុត និងកាត់បំផ្លាញចោល។

សេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់យកឈើចម្រុះ ចំនួន ៩,២១៥,៨៧៦ម៉ែត្រគូប។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើ ដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។

បើទោះបីជាយ៉ាងណា គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឱ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឱ្យជៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្សទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល។

គណៈកម្មការជាតិ ក៏បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានបន្តចូលរួមផ្តល់ព័ត៌មានពិត ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ដើម្បីអាចឈានទៅរកការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ។

សម្រាប់ឆ្នាំ២០២០ ដើម្បីចូលរួមថែរក្សានូវធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពនោះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវវិធានការមួយចំនួនទៀតដូចខាងក្រោម៖

ទី១៖ អភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ តាមរយៈគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ធ្វើការដឹកនាំសម្របសម្រួលកងកម្លាំង មន្ត្រីជំនាញមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ធ្វើការត្រួតពិនិត្យរាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើដែលមានការអនុញ្ញាតទាំងអស់ ចាប់ពីដើមទី កណ្តាលទី និងចុងទី។

ត្រួតពិនិត្យរោងសន្និធិ ឃ្លាំង សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ និងចាត់នូវវិធានការចាំបាច់នានា ស្របនឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខៈ ០៥ ស.រ.ណ.ន ស្តីពី វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ទី២៖ បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធ ការប្រព្រឹត្តបទល្មើសព្រៃឈើនេះ នឹងត្រូវអនុវត្តវិធានការច្បាប់។ ជនសង្ស័យ និងវត្ថុតាងត្រូវកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងតាមនីតិវិធី។

ទី៣៖ មធ្យោបាយ ឧបករណ៍ និងសម្ភារ ដែលបំផ្លាញព្រៃឈើមានដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក រណារយន្ត ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោល ដោយអនុលោម តាមមាត្រា១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ «វត្ថុដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ ដូចជាអាវុធ ឬជាតិផ្ទុះ ព្រមទាំងវត្ថុដែលបានកាន់កាប់ដោយខុសច្បាប់ មិនអាចប្រគល់ឲ្យវិញបានទេ។ វត្ថុទាំងនោះ ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល»។

សូមបញ្ជាក់ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដោយមានសមាសភាពគ្រប់គ្រងមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជាធរថ្នាក់ក្រោមជាតិផងដែរ។

នៅក្នុងសេចក្តីសម្រេចនោះ បានតែងតាំង លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាប្រធាននៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានតួនាទី និងភារកិច្ច ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់ទន្ទ្រានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែខុសច្បាប់នៅទូទាំងប្រទេស។

គណៈកម្មការនេះ ក៏មានតួនាទី និងភារកិច្ច អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្តិ និងអ្នកពាក់ព័ន្ធ និងសកម្មភាពនៃបទល្មើសធនធានធម្មជាតិ។ ចាប់ជនល្មើស និងវត្ថុតាង នៃបទល្មើស ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ សហការជាមួយភាគី វៀតណាម ថៃ និងឡាវ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាពក្នុងករណីចាំបាច់៕