(ភ្នំពេញ)៖ អ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ នាំគ្នារត់ចែកជើងគ្នា ប៉ុន្តែក្នុងចំណោមនេះមានម្នាក់ អមដោយម៉ូតូ ១គ្រឿង រត់មិនទាន់គេ ត្រូវកម្លាំងសមត្ថកិច្ច នៃកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ ឃាត់យកទៅអប់រំ ដែលពាក់ព័ន្ធប្រព្រឹត្តល្បែងស៉ីសងខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងស្ថិតនៅទីតាំងដីឡូតិ៍ទំនេរមួយកន្លែងក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌតំណាងលោក ជា ពិសី អភិបាលខណ្ឌ និងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ។
បើតាមប្រធានសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ក្នុងរង្វង់ប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបសង្វៀនល្បែងជល់មាន់ខាងលើនេះ ក្រៅពីឃាត់ខ្លួនអ្នកញៀនល្បែងម្នាក់ និងដកហូតម៉ូតូ១គ្រឿង កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ តុ កៅអី និងសម្ភារមួយចំនួនទៀត។ សម្រាប់អ្នកញៀនល្បែងជល់មាន់ជាច្រើនផ្សេងទៀត ហាក់បីដូចជាដឹងខ្លួន ហើយរត់គេចខ្លួនចែកជើងគ្នាភ្លាមៗ៕