(ព្រះសីហនុ)៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែកមិនប្រយ័ត្នត្រូវរថភ្លើងបើកបុក ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង នៅចំណុចផ្លូវជាតិលេខ៣ ស្រុកព្រៃនប់ តែមិនបណ្តាលឲ្យមនុស្សរងរបួសទេ។
ហេតុការណ៍គ្រោះថ្នាក់រាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីមូលដ្ឋានស្រុកព្រៃនប់បានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើ បានបើកឆ្លងផ្លូវដែកពីលិចទៅកើត ស្របពេលមានរថភ្លើង១ខ្សែ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់បានបុករថយន្តនេះ បន្ទាប់មករថភ្លើងបានបន្តដំណើរទៅមុខទៀតដោយសុវត្តិភាព។ ដោយឡែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ហើយបច្ចុប្បន្ននេះរថយន្តខូចខាតផ្នែកខាងមុខ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់បណ្តោះអាសន្ន រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយផងដែរ៕