(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសរៀបចំ ការប្រគល់ពានរង្វាន់ឆ្នាំទី៣ ស្ដីពី «ស្ត្រី និងសេដ្ឋកិច្ចឌីជីថល» ដើម្បីលើកទឹកចិត្តស្ត្រីឲ្យចូលរួម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាប់ថា «សំណើបេក្ខភាព សម្រាប់ពានរង្វាន់ស្ត្រីឆ្នើម ក្នុងវិស័យបចេ្ចកវិទ្យា ឆ្នាំ២០២០ នឹងចាប់បើកពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ កម្មវិធីពានរង្វាន់នេះរៀបចំឡើង ដើម្បីទទួលស្គាល់នូវស្នើដៃស្ត្រីទាំងអស់ ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងសម្រេចនូវស្នាដៃថ្មីៗ តាមរយៈការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍបច្ចេកវិទ្យា និងបទពិសោធន៍ថ្មី ប្រកបដោយភាពច្នៃប្រឌិត»។
លក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធី តម្រូវឲ្យសាធារណជនដែលជាបេក្ខនារី និងជាស្រ្ដីដែលមាន បទពិសោធន៍បម្រើការងារ ក្នុងផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់ មានភាពជាអ្នកដឹកនាំខ្លាំង និងមានសមត្ថភាពប្រើប្រាស់ ជំនាញទាំងនេះបម្រើដល់សហគមន៍។
ក្នុងនោះត្រូវជាស្ត្រីកម្ពុជា ដែលលះបង់ពេលវេលា និងកម្លាំងកាយចិត្តស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយផ្នែកណាមួយ ក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ ក្នុងសង្គមកម្ពុជា។
បន្ទាប់ពីទទួលបានសំណើរទាំងអស់ ក្រសួងនឹងធ្វើការវាយតម្លៃ និងជ្រើសរើសបេក្ខនារី ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ និងគុណសម្បត្តិផ្សេងៗ តាមគោលការណ៍។
ដោយឡែកសម្រាប់ជ័យលាភី នឹងត្រូវផ្ដល់ជូនស្រ្ដីជ័យលាភីចំនួន៥រូបរួមមាន៖
១៖ រង្វាន់សហគ្រិនស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យា នឹងត្រូវបានផ្តល់ដល់ស្រ្តី ដែលមានភាពជាអ្នកដឹកនាំ និងបានធ្វើអាជីវកម្មខាងផ្នែក ប.គ.ព ប្រកបដោយជោគជ័យ មានការទទួលស្គាល់ទាំងក្នុង និងក្រៅស្រុក ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២៖ រង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) នឹងត្រូវបានផ្តល់ជូនស្រ្តីជាអ្នកដឹកនាំ មានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួលបានជោគជ័យ ក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន
បម្រើការក្នុងស្ថាប័នផ្សេងៗរហូត ដល់ពេលបច្ចុប្បន្ន។
៣៖ រង្វាន់ស្រ្តីដែលចូលរួមជំរុញ ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodian Woman ICT For Community Award) នឹងត្រូវផ្តល់ដល់ស្រ្តី ដែលមានភាពជាអ្នកដឹកនាំ មានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួន ដោយស្ម័គ្រចិត្តក្នុងការជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គម, សហគមន៍ ឬជាស្រ្តីដែលបានបង្កើតដំណោះស្រាយ បច្ចេកវិទ្យាណាមួយ សម្រាប់បម្រើដល់ប្រយោជន៍សង្គមដោយមិនគិតថ្លៃ។
៤៖ រង្វាន់ស្រ្តីដែលបង្កើតខ្លឹមសារព័ត៌មានច្នៃប្រឌិត ចំពោះស្រ្តីដែលមានស្នាដៃ អាចបង្កើតខ្លឹមសារព័ត៌មានដែលប្លែក ហើយមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងវប្បធម៌។
៥៖ រង្វាន់ពន្លកថ្មី នឹងត្រូវបានផ្តល់ជូននារីអាយុក្រោម១៨ឆ្នាំអាចជាបុគ្គល ឬជាក្រុមដែលបានច្នៃប្រឌិត បង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ៕