(ភ្នំពេញ)៖ «ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយឲ្យកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហិង្សាជាដើម ធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ»។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបិទសន្និបាតការងារអប់រំឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូច មានការកើតឡើងនូវបាតុភាពល្មើស ដូចជា ករណីហិង្សាលើសិស្សនារីនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងករណីហិង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំងជាដើម។ «ដូច្នេះ ស្នើឲ្យប្រធានមន្ទីរ និងគណៈគ្រប់គ្រងសាលាត្រូវចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសាលារៀនទាំងរដ្ឋ និងឯកជនឡើងវិញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានបាតុភាពអសកម្មឬបញ្ហាក្មេងទំនើង ក្នុងសាលារៀន កើតមានតទៅទៀតឡើយ»។
លោកចាត់ទុកថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលអប់រំ មិនមែនជាកន្លែងប្រព្រឹត្តបទល្មើស ឬប្រមូលផ្តុំប្រើប្រាស់អំពើហិង្សាណាមួយឡើយ ដូច្នេះប្រសិនបើមានករណីល្មើសកើតឡើង ក្នុងសាលារៀនណាមួយនោះ ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាផ្ទាល់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខឪពុកម្តាយអាណាព្យាបាលសិស្ស។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការសមស្របចំពោះបុគ្គល ឬអង្គភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។
លោកបានណែនាំបន្តថា «គ្រប់អង្គភាព សាលារៀនរដ្ឋ និងឯកជន ដែលស្ថិតក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ត្រូវតែបន្តផ្តល់សេវាអប់រំ ឱ្យបានល្អប្រសើរ ដោយត្រូវបន្តផ្តល់សេវាអប់រំជូនក្មួយៗសិស្សានុសិស្ស ប្រកបដោយគុណភាព, មនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូបង្រៀន ដើម្បីឱ្យសក្តិសមទៅនឹងការប្រសិទ្ធនាមថាជា មាតាបិតាទីពីរ របស់សិស្ស»។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា៖
*ត្រូវបន្តការខិតខំប្រមូលកុមារដល់ និងក្នុងវ័យសិក្សា បានចូលរៀនគ្រប់ៗគ្នាប្រកបដោយសមធម៌ បរិយាបន្ន មានគុណភាព និងទទួលបានការអប់រំពេញលេញយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ត្រូវពង្រឹងការគ្រប់គ្រង និងជំរុញចលនាប្រឡងប្រណាំងតាមបណ្តាសាលារៀនទាំងអស់ ដើម្បីផ្តល់ការលើកទឹកចិត្តចំពោះ នាយក-នាយិកាល្អមានស្នាដៃ, សាលារៀនតំរូ និងសាលារៀនដែលមានបរិស្ថានល្អស្អាត។
*ត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា, ការជួញដូរស្រ្តីកុមារ, លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ដើម្បីបំផុសស្មារតីចូលរួម ទប់ស្កាត់ និងការគោរពច្បាប់ ក្នុងស្រទាប់សិស្ស និងយុវជន ដែលជាទំពាំងស្នងប្ញស្សីនៃសង្គមជាតិយើង។
*ត្រូវជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណីផ្អែម និងភេសជ្ជៈផ្អែម ក្នុងបរិវេណសាលារៀន ដូចអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំនាពេលកន្លងមក ពីព្រោះការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំង នឹងធ្វើឱ្យសិស្សានុសិស្ស ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង,ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ហើយប្រសិនបើធនធានមនុស្សរបស់យើងមានសុខភាពមិនល្អ នោះ សង្គមជាតិក៏ត្រូវជួបប្រទះបញ្ហាដែរ។
*ចំពោះសាលារៀនមួយចំនួន ដែលមានអគារចាស់ទ្រុឌទ្រោម ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាត្រូវចុះពិនិត្យដោះស្រាយឱ្យអស់លទ្ធភាព ចៀសវាងការកើតមានគ្រោះថ្នាក់ចៃដន្យ ណាមួយកើតមានឡើង។ ក្នុងករណីចាំបាច់ ត្រូវលើកគម្រោងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំជួសជុល ឬសាងសង់អគារថ្មីឡើងវិញ។
លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតដល់បណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក ក្នុងនោះសូមលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ក្មួយៗសិស្សានុសិស្ស កុំឱ្យមានការព្រួយបារម្ភ ឬ ភ័យខ្លាចខ្លាំងពេក ដោយត្រូវជឿជាក់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ អ្វីដែលយើងត្រូវយកចិត្តទុកដាក់និងអនុវត្តចំពោះមុខ គឺត្រូវរួមគ្នាលុបបំបាត់ និងវាយបកភ្លាមៗចំពោះព័ត៌មានមិនពិត ឬព័ត៌មានបំពុលសង្គម (Fake News) ដោយត្រូវជឿជាកំតែលើបណ្តាញសារព័ត៌មានរបស់រដ្ឋ, យន្តការអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងអប់រំ និងក្រសួងសុខាភិបាល ទើបចាត់ទុកថាជាព័ត៌មានផ្លូវការ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលពីរថ្ងៃនេះសមាជិកសមាជិកា នៃអង្គសន្និបាត បានពិភាក្សា និងសម្រេចជាវិធានការមួយចំនួនរួមមាន៖
*ការប្រមូលកុមារចូលរៀនក្នុងវ័យមតេយ្យសិក្សា
*ការគ្រប់គ្រងសាលារៀនស្អាតទូទាំងរាជធានីភ្នំពេញ ប្រសិទ្ធិភាពនៃការបង្រៀននិងរៀន
*ការពង្រឹងការគ្រប់គ្រងអាគារធនធាន និងសាលាបណ្ដាញក្របប្រកបដោយប្រសិទ្ធភាព
*បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងកម្មវិធីអប់រំប្រព័ន្ធសម្រាប់គោលដៅអប់រំពេញមួយជីវិត
*អភិវឌ្ឍយុវជនឲ្យមានកាយសម្បទាចំណេះដឹងចំណេះធ្វើសីលធម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនីយកម្ម *លើកទឹកចិត្តឲ្យយុវជនមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព *ពង្រឹងការអនុវត្តការវិភាគអប់រំកាយគ្រឹះស្ថានសិក្សា និងការបានសម្រេចទិសដៅឆ្ពោះទៅកីឡាអាស៊ីហ្គេមឆ្នាំ២០២៣៕