(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការកាន់អំណាចនយោបាយម្នាក់ឯង បានចាប់បង្ខំឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបង្កើននូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និងប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះរបស់ សម្តេច ហេង សំរិន បានធ្វើឡើងក្នុងឱកាសបើកសន្និបាតលើកទី៤២ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ សម្តេច ហេង សំរិន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការកាន់អំណាចនយោបាយម្នាក់ឯង បានចាប់បង្ខំឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបង្កើននូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និងប្រជាជនកម្ពុជា ហើយក្នុងនោះក៏ត្រូវតែធានាឱ្យបាននូវធាតុផ្សំសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យដែលមានជាអាទិ៍គឺ: សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរួមមានសិទ្ធិចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌ សាសនា។ល។ និងការបោះឆ្នោតទៀងទាត់តាមលក្ខណៈសេរី ពហុបក្សជាដើម»។
គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងច្រើនលើសលប់ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា និងកំពុងដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ។ ការបោះឆ្នោតនេះ មានគណបក្សចំនួន២០ចូលរួម ប៉ុន្តែគណបក្ស១៩ផ្សេងទៀត ទទួលបានសំឡេងខ្លះ ប៉ុន្តែមិនទទួលបានអាសនៈឡើយ។
ទោះជាបែបនេះក្តី នេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសកម្ពុជា ដែលរដ្ឋសភាមានគណបក្សតែមួយដឹកនាំ។ កម្ពុជាធ្លាប់បានកើតមានរួចហើយ នៅក្នុងប្រវត្តិសាស្ត្រ នាសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែររបស់ លន់ ណុល ហើយការដឹកនាំដោយបក្សតែមួយនេះ ក៏ធ្លាប់កើតមាននៅក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួននៅលើពិភពលោកនេះដែរ។
សម្តេច ហេង សំរិន បានបន្តថា ជាងមួយឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ដ៏ឆ្នើម បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលថ្មីៗធំធេងថែមទៀត ដែលមានជាអាទិ៍គឺ: ខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ, ដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយ ត្រូវបានជំរុញអនុវត្តដោយដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធិភាព, កំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ប្រមាណ៧.១ភាគរយ រួមនឹងការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង ហើយក្នុងពេលនយោបាយជាតិគាំពារសង្គមត្រូវបានជំរុញខ្លាំង ដើម្បីលើកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
សម្តេចបន្តថា ម្យ៉ាងទៀតការកើនឡើងនូវជីវភាពទាំងខាងសម្ភារៈ និងទាំងខាងស្មារតីរបស់ប្រជាជន បានបង្កលក្ខណៈឱ្យប្រជាជននៅទូទាំងប្រទេស ព្រមទាំងជនជាតិកម្ពជារស់នៅបរទេសច្រើនកុះករបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លានៅក្នុងកម្មវិធីបុណ្យជាតិ និងអន្តរជាតិធំៗប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត។ លើសពីនេះ ក៏មានការចូលរួមក្នុងពិធីជួបជុំរៀបបញ្ចុក អកអំបុក និងអរគុណសន្តិភាពនៅទូទាំងប្រទេស ដើម្បីពង្រឹងការសាមគ្គី ឯកភាពជាតិ និងដើម្បីថែរក្សាជាពិ សាសនា ព្រះមហាក្សត្រ និងសន្តិភាពម្ដេជាឱ្យឋិតថេរគង់វង្សជារៀងរហូត៕