(បាងកក)៖ ក្នុងវេទិកាភាពយន្តគោលដៅទេសចរណ៍អាស៊ីលើកទី២ និងមហោស្រពភាពយន្តខ្នាតធំមេគង្គលើកទី២ នៅទីក្រុងបាងកក ប្រទេសថៃ អង្គវេទិកាមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការផលិត និងថតខ្សែភាពយន្តនៅតាមគោលដៅទេសចរណ៍នានាឱ្យបានច្រើន ដើម្បីរួមចំណែកជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងនោះ, នេះបើតាមលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News បន្ទាប់ពីចូលរួមក្នុងវេទិកានេះ។

វេទិកាភាពយន្តខាងលើនេះធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្នុងបំណងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ទន្លេមេគង្គ ក្នុងនោះវាត្រូវបានរៀបចំឡើងដោយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងក្រុមហ៊ុនទេសចរណ៍ធំៗប្រចាំទីក្រុងបាងកក ដោយមានការចូលរួមជាមួយវាគ្មិនកិត្តិយសផ្នែករដ្ឋ និងឯកជនធុរកិច្ចទេសចរណ៍មកពីប្រទេសក្នុងទ្វីបអាស៊ីសរុបប្រមាណ ១៥០នាក់។

លោក គុជ បញ្ញាសា បានបន្តថា តំបន់អាស៊ី និងមេគង្គ គឺជាតំបន់មួយដែលមានការអភិវឌ្ឍលឿនបំផុតនៅលើពិភពលោកក្នុងវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងផលិតកម្មខ្សែភាពយន្តផងដែរ។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យអ្នកដំណើរផ្លាស់ប្តូរបទពិសោធន៍ និងភាពពិតរបស់ពួកគេតាមរយៈខ្សែភាពយន្ត។

ដោយឡែក ចំពោះកម្ពុជាមានខ្សែភាពយន្តខ្នាតធំចំនួន ៤ របស់ក្រុមការងារលោកស្រី អេនជេលីណា ជូលី (Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និងបញ្ចាំង ទី១៖ ខ្សែភាពយន្តរឿង Killing Field ទី២៖ ខ្សែភាពយន្តរឿង Tomb Rider ផលិតនៅឆ្នាំ២០០១ នៅខេត្តសៀមរាប ទី៣៖ ខ្សែភាពយន្តរឿងមុនដំបូងពួកគេសម្លាប់ឪពុកខ្ញុំ (First They Killed My Father) នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៦ និងទី៤៖ ខ្សែភាពយន្តរឿង The last real។

ពេលខ្លះបញ្ហាដែលកើតឡើងនៅក្នុងតំបន់ណាមួយ (ឧបទ្ទវហេតុ ឬកត្តាចៃដន្យណាមួយ) វាបានបង្កើតឡើងជាឱកាសក្នុងការធ្វើទីផ្សារ ដែលឆ្លុះបញ្ចាំងពីគោលដៅទេសចរណ៍នៅក្នុងតំបន់នោះ តួយ៉ាងដូចជាករណីនៅប្រទេសថៃ ដែលមានមនុស្សចំនួន ១២នាក់ ជាប់នៅរូងភ្នំ គេបានបង្កើតខ្សែភាពយន្តរឿងដែលរៀបរាប់អំពីគោលដៅនៃភ្នំនោះផងដែរ។

អង្គវេទិកាបានសម្លឹងឃើញថា ខ្សែភាពយន្តបានមិនត្រឹមតែបានរកចំណូលរាប់រយលានដុល្លារអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវគោលដៅ និងផលិតផលទេសចរណ៍ ក៏ដូចជាបែបបទនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់នោះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិបានកាន់តែច្រើន។

ពាក់ព័ន្ធនឹងការថតខ្សែភាពយន្ត ក៏ដូចជាវីដេអូនៅតាមគោលដៅទេសចរណ៍ តំបន់បេតិកភណ្ឌនេះផងដែរ អាជ្ញាធរនៅតាមទីតាំងមួយចំនួននៃប្រទេសកម្ពុជា បានរងការរិះគន់ច្រើនណាស់ពីសំណាក់ផលិតករ អ្នកដឹកនាំការថតភាពយន្ត ក៏ដូចជាអ្នកថតវីដេអូជាដើម សូម្បីតែនិស្សិតដែលចុះទៅថតវីដេអូអនុវត្តការសិក្សារបស់ពួកគេ ក៏មានការលាន់មាត់មិនពេញចិត្តនឹងទង្វើរាំងស្ទះដោយប្រការផ្សេងៗរបស់អាជ្ញាធរផងដែរ។

ពួកគេបានត្អួញត្អែរពីការកោសរួសពីសំណាក់អាជ្ញាធរ ជូនកាលទម្រាំបានចូលថតត្រូវចាំរយៈពេលយូរ ព្រោះពួកគេស្នើសុំយូរហើយតែក្រនឹងទទួលបានការអនុញ្ញាត គួបផ្សំនៅប្រទេសកម្ពុជាមិនសូវសម្បូរទីតាំងបុរាណ ឬផ្ទះបែបបុរាណ ដែលអាចថតឱ្យឃើញទិដ្ឋភាពសម្បូរបែបនាបុរាណសម័យផងនោះ។ មានពេលខ្លះអាជ្ញាធរលួចទារលុយពីផលិតករ ឬអ្នកដឹកនាំការថតភាពយន្តក៏មាន។

ក្រុមផលិតករ អ្នកថតវីដេអូទាំងនោះបានពន្យល់សមហេតុសមផលថា ខ្សែភាពយន្ត ឬវីដេអូដែលពួកគេផលិតបាន និងចាំងបញ្ចាំងជូនទស្សនិកជនទស្សនា គឺមានសារប្រយោជន៍ច្រើនណាស់ដល់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងប្រទេសកម្ពុជា ពីព្រោះរាល់ខ្សែភាពយន្ត និងវីដេអូរបស់ពួកគេសុទ្ធតែមានរូបភាពល្អៗស្អាតៗ ដែលទស្សនិកជន ឬភ្ញៀវទេសចរទស្សនាហើយមានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែអាជ្ញាធរប្រចាំទីតាំងទាំងនោះមិនត្រឹមតែមិនជួយសម្រួលដល់មធ្យោបាយដល់ពួកគេហើយ ថែមទាំងមានការហាមឃាត់ កោសរួស ឬពន្យារការអនុញ្ញាតឱ្យចូលថតថែមទៀត។

មិនតែប៉ុណ្ណោះ ពួកគេបានស្នើឱ្យអាជ្ញាធរទាំងនោះគួរតែសម្លឹងមើលប្រទេសជិតខាងកម្ពុជា ពិសេសប្រទេសថៃ ដែលពួកគេធ្លាប់បានដឹងបទពិសោធន៍ គឺអាជ្ញាធរគេនីមួយៗគេពេញចិត្តរីករាយខ្លាំងណាស់ ក្នុងការអនុញ្ញាតឱ្យក្រុមផលិតករចូលទៅថតខ្សែភាពយន្តដល់ទីតាំងរបស់ពួកគេ ព្រោះពួកគេបានយល់ដឹងពីអត្ថប្រយោជន៍នានានៃការផ្សព្វផ្សាយតាមរយៈខ្សែភាពយន្ត៕