(ពោធិ៍សាត់)៖ ករណីឃាតកម្មចាក់សម្លាប់មនុស្សមួយ បានកើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ដោយជនសង្ស័យធ្លាប់ជាប់គុករយៈពេល១០ឆ្នាំមកហើយ ទើបតែរួចទោសចេញពីគុកវិញមិនបានប៉ុន្មានខែផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជាថ្មី។
សមត្ថកិច្ចខេត្តពោធិ៍សាត់បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រស់ នន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កសិករ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្លាប់ជាប់ពន្ធនាគារនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ រយៈពេល១០ឆ្នាំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយត្រូវបានដោះលែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះឈ្មោះ ចែម ណាវីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ។
សមត្ថកិច្ចបន្តថា ដើមហេតុដែលនាំឲ្យមានករណីឃាតកម្មនេះ ដំបូងឡើយជនរងគ្រោះ ឃើញម៉ូតូជនសង្ស័យចតពាំងផ្លូវ ហើយជនរងគ្រោះបានសួរថា «តើម៉ូតូអ្នកណាគេឈប់កណ្តាលផ្លូវនឹង?» ស្រាប់តែជនសង្ស័យឈ្មោះ រស់ នន បានស្ទុះមកឆ្លើយទាំងកំរោលថា «ម៉ូតូអញហ្អែង ចង់យ៉ាងម៉េច?» ជនរងគ្រោះក៏លើកម៉ូតូរបស់ជនសង្ស័យអែបទៅខាង ស្រាប់តែជនសង្ស័យ រស់ នន បានដកកាំបិតតូចចាក់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ លុះមកដល់ពេទ្យមួយសន្ទុះជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ហើយ ក្រុមគ្រួសារបាន យកមកផ្ទះរៀបចំធ្វើបុណ្យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕