(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះវេលាម៉ោង៩ព្រឹក សាលារាជធានីភ្នំពេញ រៀបចំធ្វើសន្និសិទសារព័ត៌មានជុំវិញការគ្រប់គ្រងសំរាម និងការប្រមូលថ្លៃសំរាម ដើម្បីជំរាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម និងការប្រមូលថ្លៃសំរាមនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ម៉េត មាសភក្តី បានថ្លែងឲ្យដឹងថា សន្និសីទសារព័ត៌មាននេះគោលដៅដើម្បីពន្យល់ដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រង និងការប្រមូលសំរាម នៅរាជធានីភ្នំពេញ។
រំលឹកជូនពលរដ្ឋនៅរាជធានីភ្នំពេញ! ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាពេលវេលាដែលប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវទៅបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា។ ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ មិនត្រូវបានភ្ជាប់គ្នាជាមួយវិក្កយបត្រអគ្គិសនីទៀតនោះទេ។
តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញកន្លងទៅ សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ ក្រោយរយៈពេល១៥ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ទៅតាមច្បាប់៕