(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានច្រានចោលការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានដកស្រង់សម្តីរបស់ លោក ម៉ម ប៊ុមហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខុសពីខ្លឹមសារដើម បណ្តាលឱ្យមានការភាន់ច្រឡំចំពោះការចម្លងមេរោគកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តាំងពីដើមមក លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង មិនដែលនិយាយថា «មេរោគកូរ៉ូណាមិនអាចចម្លងក្នុងប្រទេសកម្ពុជា ដោយសារតែមានអាកាសធាតុក្តៅដូចកម្ពុជា» នោះទេ ហើយការដកស្រង់សម្តីខុសពីសម្តីដើមរបស់លោក បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឱ វណ្ណឌីន បានស្នើឱ្យកាសែតភ្នំពេញប៉ុស្តិ៍កែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួនឡើងវិញ ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀត។
លោកស្រី ឱ វណ្ណឌីន ក៏បានច្រានចោលនូវការមួលបង្កាច់លាបពណ៌របស់ អ្នកនយោបាយមួយចំនួន តាមបណ្តាញសង្គម Facebook ដែលបានវាយប្រហារលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ចំពោះដំណឹងមិនច្បាស់លាស់នេះផងដែរ។ លោកស្រីចាត់ទុកថា ការខិតខំវាយប្រហារលើការដកស្រង់សម្តីខុស គឺជាចេតនាមួយក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោករដ្ឋមន្រ្តី និងកេងចំណេញនយោបាយ។
កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន។
គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និង៩៨២១ កំពុងមានមេរោគ។
អង្គការសុខភាពពិភពលោក បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ខណៈដែលខ្លួនមិនទាន់បញ្ជាក់បានច្បាស់នៅឡើយថា ជំងឺផ្លូវដង្ហើមថ្មីនេះ អាចចម្លងទៅមនុស្សដោយរបៀបណាខ្លះ៕