(ភ្នំពេញ)៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹក តាមទីជនបទដាច់ស្រយាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាត ចំនួន៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨,៤៨៤ដុល្លារ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់៨៥០គ្រួសារ (ស្មើមនុស្ស ៣,០៥៤នាក់) រស់នៅខេត្តចំនួន៣។
ក្នុងចំណោមអណ្តូងទាំអ៤៥នោះ រួមមានអណ្តូងទឹកចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង អណ្តូងទឹកចំនួន១៩ សម្រាប់ខេត្តព្រះវិហារ។
គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១,៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។
ដោយឡែក ក្នុងឆ្នាំ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២,៨៥៨គ្រួសារ ស្មើមនុស្ស ១០,៧៦៩នាក់៕