(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ ព្រមទាំងក្រុមគ្រួសារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានមានសន្ធាជ្រះថ្លា បន្តជួយកសាងដងទង់ និងទង់ព្រះសាសនា ដែលមានកម្ពស់២៦ម៉ែត្រ ក្នុងវត្តបឹងខ្នារ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ការសម្រេចជួយសាងសង់នេះ ធ្វើឡើងក្នុងឱកាសដំណើរចុះសំណេះសំណាល បង្ហាញអារម្មណ៍កក់ក្តៅ និងផ្តល់ក្តីអាណិតស្រឡាញ់ ដល់កូនៗកុមារា កុមារីតូចៗ ដែលកំពុងសិក្សានៅសាលាមត្តេយ្យសហគមន៍កំពោតអាង ដែលបច្ចុប្បន្នមានការខ្វះខាតថ្នាក់រៀន ហើយត្រូវបានឯកឧត្តមសម្រេចសាងសង់ជូនផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងថា កន្លងមក លោក និងក្រុមគ្រួសារ បានឯកភាពស្រុះស្រួលគ្នា សាងសង់ដងទង់ និងទង់សាសនា ដែលកម្ពស់២៦ម៉ែត្រ ក្នុងវត្តពោធិ៍មានបុណ្យ និងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោក ខាន់ ខៀវ ព្រមទាំងធ្វើពិធីសម្ពោធឆ្លងរួចរាល់ហើយ។ ដោយមើលឃើញពីការខ្វះខាតក្នុងវត្តបឹងខ្នារ លោកនិងលោកស្រី បានបន្តជួយកសាងដងទង់ និងទង់ព្រះសាសនា ១គូបន្ថែមទៀត ទុកតម្កល់ជាសម្បត្តិទ្រព្យ ក្នុងវិស័យព្រះពុទ្ធសាសនា និងត្រូវចាប់ផ្តើមចាក់ប៉េតុងសសរគ្រឹះ ក្នុងពេលឆាប់ៗខាងមុខ។ ជាការពិតណាស់ថា «ទីវត្តអារាមរីកចម្រើនទៅបាន អាស្រ័យមានការចូលរួមទាំងថវិកា និងសម្ភារៈរបស់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស, ចំពោះវត្តមួយចំនួន កសាងនៅមានកម្រិត ដោយសារពុទ្ធបរិស័ទចំណុះជើងវត្ត ជីវភាពមិនសូវធូរធា»។
លោកបានគូសបញ្ជាក់ថា រាល់សមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ កើតមានជាបន្តបន្ទាប់ទូទាំងប្រទេស គឺអាស្រ័យដោយសង្គមជាតិទទួលនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕