(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា បញ្ហាប្រឈមចំនួន៣រួមមាន ការផ្ទុះជំងឺឆ្លងកូរ៉ូណា, បញ្ហា EBA និងការថមថយនៃសេដ្ឋកិច្ចកម្ពុជា (GDP) មកត្រឹម៦ភាគរយ អាចនឹងធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុ មានការថមថយកំណើន នៅក្នុងឆ្នាំ២០២០នេះ។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក គា បូរាណ អញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១៥ និងវេទិកាប្រចាំឆ្នាំលើកទី១ រវាងបញ្ញតិករ និងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ដីពីការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសប្រតិបត្ដិ នៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក គា បូរាណ បានបញ្ជាក់យ៉ាងដូច្នេះ៖ «តាមធម្មតាប្រសិនជាកំណើន GDP ប្រទេសកម្ពុជា មានការថមថយចុះ ខ្ញុំគិតថា វានឹងមានផលប៉ះពាល់ខ្លះ ដោយសារតែយើងឲ្យកម្ចី ដាក់ទុនចូលទៅក្នុងសេដ្ឋកិច្ច ដូច្នេះបើសិនជាសេដ្ឋកិច្ចយើងមានការថមថយ តម្រូវការទុនក៏វាថមថយដែរ បើសិនជាថមថយ យើងក៏មិនអាចបញ្ចេញទុនបានដែរ»។
លោក គា បូរាណ បន្ដទៀតថា «ទាក់ទងការងារផ្សេងៗ ដូចជាជំងឺកូរ៉ូណាវិរុស និងបញ្ហាដក EBA គឺចង់មិនចង់ វានឹងមានផលប៉ះពាល់ខ្លះហើយ បើសិនជារឿងហ្នឹងកើតឡើងមែន ប៉ុន្ដែយ៉ាងណាក្ដី ដូចខ្ញុំបានជម្រាបថា វិស័យដែលយើងផ្ដោតអារម្មណ៍ គឺកសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម វិស័យនេះមិនសូវជាពាក់ព័ន្ធ ដោយផ្ទាល់ជាមួយនឹង EBA និងការងារផ្សេងក្ដី»។
ទោះបីជាយ៉ាងណាក្ដី លោក គា បូរាណ ក៏ប្រាប់ផងដែរថា ត្រូវរង់ចាំមើលអំពីការវិវត្ដន៍ថ្មីៗ ក្នុងរយៈពេលខ្លីទៀត ថាតើការវិវត្ដន៍នេះ វិវត្ដន៍ទៅដល់ណា?
លោកបានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំគិតថា យើងត្រូវរង់ចាំមើល អំពីការវិវត្ដន៍ថ្មីៗ ក្នុងរយៈពេលខ្លីទៀត ថាតើការវិវត្ដន៍បែបម៉េចដែរ ប៉ុន្ដែយ៉ាងណាក្ដី កត្ដា៣យ៉ាងនេះ អាចជាកត្ដាប្រឈម វិស័យធនាគារទាំងមូល មិនមែនតែវិស័យមីក្រូហិរញ្ញវត្ថុទេ គឺអាចមានការផ្ដាស់ប្ដូរ អីចឹងហើយបានយើងរំពឹងថា នៅឆ្នាំ២០២០នេះ កំណើនរបស់យើង ប្រហែលជាមិនខ្ពស់ ដូចឆ្នាំ២០១៩នោះទេ ដោយសារតែមានកត្ដា៣នេះ»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០នេះ នឹងនៅតែអាចសម្រេចបានក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាល នៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
លោកបន្តថា ក្នុងច្បាប់ថវិកាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានព្យាការណ៍ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេច៦.៥ភាគរយ ដោយបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ីរ៉ុបរួចហើយ ព្រោះកម្ពុជាដឹងថា ការដក EBA នឹងមកដល់ គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។ លោកថា ទោះបីសហភាពអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះមួយផ្នែក ឬទាំងស្រុងក្ដី ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ ព្រោះកម្ពុជាបានត្រៀមខ្លួនជាមុនរួចហើយ។
លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា ការដក EBA នេះ ប៉ះពាល់តែទៅលើការនាំចេញសំលៀកបំពាក់ ទៅកាន់ទីផ្សារអ៊ឺរ៉ុបប៉ុណ្ណោះ ក្នុងខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិសេសអាមេរិកមានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានពិពិធកម្មច្រើនជាងមុន។ តែទោះបីយ៉ាងណាក៏ដោយ កម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាកំណើនដ៏ទាបជាប់ៗគ្នា ក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការជំរុញការធ្វើពិពិធកម្ម, ភាពប្រកួតប្រជែង និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាជាងមុន៕