(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០១ -០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ថា សន្និបាតនេះ នឹងមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ CPP និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។
លោកបន្តថា របៀបវារៈនៃសន្និបាតនេះ គឺបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២០នេះ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្ត ដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរយៈពេល ៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់៕