(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទាន ជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់អតិថិជនប្រហែលប្រមាណ២លាននាក់។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក គា បូរាណ អញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១៥ និងវេទិកាប្រចាំឆ្នាំលើកទី១ រវាងបញ្ញតិករ និងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ដីពី ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសប្រតិបត្ដិ នៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
ឆ្លើយតបនឹងសំនួរ អ្នកសារព័ត៌មាន «អតិថិជនដែលគាត់ខ្ចី ខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទូទាំងប្រទេសកម្ពុជា មានកំណើនប៉ុន្មានលាននាក់ ហើយទំហំដែលខ្ចីមានចំនួនប៉ុន្មាន?» លោក គា បូរាណ បានឆ្លើយថា «ទំហំចំនួនអ្នកកើនឡើង ប្រហែលប្រមាណ២លាន១សែននាក់ មិនកើនចំនួនអ្នកខ្ចីច្រើនពេកទេ និងឥណទានប្រហែលជាង៧ពាន់លានដុល្លារ ឃើញថា មានការកើនឡើង ចំនួនឥណទានច្រើនគួរសម»។
តាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលចុះផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទាន ចំនួនប្រហែល៧ពាន់លានដុល្លារ ដល់អតិថិជនប្រហែល ២លាននាក់ ខណៈអ្នកសន្សំមានចំនួនជិត៣លាននាក់ ដោយមានទឹកប្រាក់ ជិត៤ពាន់លាន នៅតាមការិយាល័យចំនួន១,៤០០ ដែលមានបុគ្គលិកចំនួន ៣៤,០០០នាក់»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុ មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជាបឋមផលប័ត្រឥណទាន បានកើនជាងមុន១៨ដង នៅពេលដែលចំនួន អតិថិជនកើនជាងមុខ២ដង។ ជាងនេះទៀត វិស័យនេះ ប្រែប្រួលខ្លាំង ពីវិស័យអង្គកាអភិវឌ្ឍន៍ ទៅជាស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយម្ចាស់ទុនឯកជន។
វិស័យនេះ បានការផ្តោតខ្លាំងទៅលើ សហគ្រាសទុនតូច និងមធ្យម ទន្ទឹមនឹង ធនាគារមួយចំនួនតូច ក៏បានហក់ចូលក្នុងទីផ្សារនេះដែរ។ ការដាក់ពិដានអត្រាការប្រាក់ របស់រដ្ឋនៅខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យចំនួន អតិថិជន នៅតែថេរ តែទំហំឥណទានមធ្យម កាន់តែកើនឡើងគួរឲ្យកត់សំគាល់។ កំណើននេះ ជំរុញឲ្យមានការកោតសរសើរ ក៏ដូចជាក្តីបារម្ភថា អាចនឹងមានបញ្ហាប្រឈម ដូចជាបំណុលវ័ណ្ឌករ ដោយសារតែមានការ ប្រកួតប្រជែងខ្លាំង ក្នុងវិស័យនេះ។
លោក គា បូរាណ បានថ្លែងថា «គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបបន្ថែមទៀត ទៅនឹងការព្រួយបារម្ភនានា ព្រមទាំងចូលរួម ចំណែកក្នុងកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រជាជនកម្ពុជា មានសិទ្ធិទទួលសេវាហិរញ្ញវត្ថុផ្លូវការបន្ថែម ក្នុងពេលដែល សមក បាននិងកំពុង ធ្វើការងារនេះ ជាមួយសមាជិករបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៧»។
ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គេរំពឹងថា គម្រោងនេះ នឹង៖
១៖ ជួយលើកម្ពស់បរិយាបន្ន មីក្រូហិរញ្ញវត្ថុដោយប្រើប្រាស់ស្តង់អន្តរជាតិ ប្រកបដោយក្រមសីលធម៌ មានដូចជា គោលការណ៍ការពារអតិថិជន ឥណទានភ្ជាប់ជាមួយកិច្ចការសង្គម គោលការណ៍ផ្តល់ប្រាក់កម្ចី ព្រមទាំងយន្តការណ៍ដោះស្រាយណ្តឹងអតិថិជន។
២៖ លើកកម្ពស់វិស័យអប់រំហិរញ្ញវត្ថុ ដល់អតិថិជន និងសាធារណជន ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូរផ្សេងៗ
៣៖ លើកកម្ពស់ដល់ការយល់ដឹង ពីតួនាទីមីក្រូហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចតាមទីជនបទ ក៏ដូចជា
៤៖ ស្រាវជ្រាវនិងអភិវឌ្ឍបន្ថែម វិស័យមីក្រូហិរញ្ញវត្ថុ។
សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) នៅថ្ងៃនេះ បានសម្ពោធគម្រោង បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវ ក្នុងគោលដៅឆ្លើយតប ការព្រួយបារម្ភនានា និងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើឲ្យប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវ។
គម្រោង៣ឆ្នាំនេះ ទទួលបានវិភាគទានពីសមាជិករបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ នឹងអនុវត្តនៅគម្រោងតម្លៃជិត១លានដុល្លារ ដោយសហការយ៉ាងជិតស្និត ជាមួយសមាជិករបស់ខ្លួន ព្រមទាំងដៃគូសំខាន់ៗដូចជា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាតិនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និង ដៃគូអភិវឌ្ឍនានា។
សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈ ដែលជួយធ្វើឲ្យមានវិបុលភាព និងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។ សមក មានសមាជិកចំនួន១០១ស្ថាប័ន សុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យា (បង់រំលួស)៕