(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្ត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី, លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ នៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងលោក លោកស្រី អញ្ជើញមកពីក្រសួងពាក់ព័ន្ធនានា។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនថា ការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទារឲ្យមានការគិតគូច្បាស់លាស់ លើការប្រតិបត្តិការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។
ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ត្រង់មុំទី៣ ព្រមទាំងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលតម្រូវឲ្យរដ្ឋាភិបាលមានការពិនិត្យ និងត្រៀមខ្លួនសម្រាប់ សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។
ជាកិច្ចឆ្លើយតប និងចូលរួមវិភាគទាន ទៅលើការសម្រេចបាននូវគោលដៅអាទិភាព ដែលមានកំណត់នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនោះ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូន អំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ។
ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាស ឲ្យប្រើប្រាស់ក្រោមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រី បានបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទមួយដ៏សំខាន់ នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់ នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងតំបន់អាស៊ាន។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
«ការរៀបចំយុទ្ធសាស្ត្ររបស់យើងនាពេលនេះ ពិតជាស័ក្តិសមណាស់ ក្នុងបរិបទបច្ចេកវិទ្យាទំនើប ការវិវត្តនៃប្រទេស និងស្របទៅនឹងនិន្នាការតំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈម ព្រមៗគ្នាក្នុងពេលតែមួយ។ កម្ពុជានាពេលបច្ចុប្បន្នក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរនៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន ៣០ ដែលកំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ដូចជាការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ។ល។ ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយ ហើយមួយវិញទៀត ការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវកម្មមួយដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវកម្មបែបនេះ ជាចំណុចចាប់ផ្ដើមសម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពាណិជ្ជកម្មតាម E-Commerce ផងដែរ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអង្គប្រជុំថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែលទាមទារឲ្យក្រសួង-ស្ថាប័នទាំងអស់ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយ អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល។
ឆ្លងកាត់កិច្ចពិភាក្សា ដោយអង្គប្រជុំរួចមក លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានណែនាំដល់លេខាធិការដ្ឋាន ឲ្យពិចារណាលើមតិរបស់អន្តរក្រសួងដែលបានផ្ដល់ជូននៅពេលនោះ ដើម្បីពិនិត្យបន្ថែមតាមការចាំបាច់ មុននឹងរៀបចំបញ្ចប់ដើម្បីអនុវត្ត៕