(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា នៅតែសម្រេចបានកំណើនដ៏រឹងមាំជាបន្ត នៅក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ខណៈវិស័យសំណង់នៅតែមានសុខភាពល្អ ដោយសារការវិនិយោគសាធារណៈ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាល និងការបន្តហូរចូលនូវវិនិយោគទុននៅក្នុងវិស័យសំណង់ ជាពិសេស វិនិយោគទុនមកពីប្រទេសចិន នៅតាមបណ្ដាទីក្រុងកាស៊ីណូថ្មីៗ នៅតាមតំបន់ព្រំដែនកម្ពុជា។
ការរីកចម្រើនសេដ្ឋកិច្ច និងវិស័យសំណង់នៅកម្ពុជា បានជំរុញឲ្យចំណូលពីការលក់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបាន ៤៦៤ប៊ីលានរៀល (១១៤លានដុល្លារអាមេរិក) កើនឡើង ១៧% បើធៀបនឹងត្រីមាសទី៤ដូចគ្នានៃឆ្នាំ២០១៨ ដែលកំណើននេះជំរុញដោយអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់។
ដោយឡែកសម្រាប់រយៈពេលពេញ១ឆ្នាំ២០១៩ ចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា របស់ SCG សម្រេចបាន ១៨២៩ប៊ីលានរៀល ដែលស្មើនឹង៤៥១លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០១៩ របស់ SCG ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
នៅកម្ពុជា SCG បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធី«បណ្ដុះបណ្ដាលជំនាញ អេសស៊ីជី» ដែលសំដៅដើម្បីលើកកម្ពស់ជំនាញ របស់មេជាងសំណាង់នៅក្នុងវិស័យសាងសង់ ជាលើកទីពីរ នៅឆ្នាំ២០១៩នេះ ដោយបានបណ្ដុះបណ្ដាលមេជាងសំណង់នៅក្នុងស្រុក ជាង ៤០០នាក់ មកពីតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះ SCG បានរៀបចំការប្រកួតប្រជែងជំនាញប្រចាំឆ្នាំ សម្រាប់ ៣មុខជំនាញសំខាន់ៗ ដូចជា ជំនាញបូក ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត/ស្មាតវូត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ជ័យលាភីពីការប្រកួតប្រជែងនេះ នឹងទទួលបានការឧបត្ថម្ភសម្រាប់ទស្សនកិច្ចសិក្សាស្វែងយល់អំពីនវានុវត្តន៍ចុងក្រោយបំផុតនៅក្នុងវិស័យសំណង់ នៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនានារបស់ SCG នៅក្នុងប្រទេសថៃ ដែលនឹងធ្វើឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ គំនិតផ្ដួចផ្ដើមទាំងនេះ នឹងជួយមេជាងសំណង់ឲ្យទទួលបានចំណូលកើនឡើង ខណៈដែលម្ចាស់លំនៅដ្ឋាន ក៏ដូចជាម្ចាស់គម្រោងសាងសង់ ក៏នឹងទទួលបានសំណង់ដែលមានស្តង់ដារខ្ពស់ និងគុណភាពនៃការរស់នៅប្រសើរជាងមុន សម្រាប់ប្រជាជនកម្ពុជា។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ របស់ SCG បានលើកឡើងថា ការប្រែប្រួលឡើងចុះ ដែលជំរុញដោយកត្តាខាងក្រៅ ដែលគេមិនអាចគ្រប់គ្រងបាន ធ្វើឲ្យមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ ទៅលើក្រុមហ៊ុននានា នៅទូទាំងពិភពលោក ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល នៅឆ្នាំ២០២០នេះ SCG ចាំបាច់ត្រូវតែបង្កើតយុទ្ធសាស្ត្រអាជីវកម្មគ្រប់ជ្រុងជ្រោយ ដើម្បីជំនះលើការរំខានទាំងនេះ ជាបន្ទាន់ និងដើម្បីរក្សាកំណើនអាជីវកម្ម ប្រកបដោយចីរភាព។
លោកបន្តថា ជាមួយនឹងផែនការអភិវឌ្ឍន៍អាជីវកម្ម អាជីវកម្មស្នូលចំនួន ៣ នឹងវិវឌ្ឍខ្លួនពីភាពជាអ្នកផលិត ទៅជាអ្នកផ្ដល់ដំណោះស្រាយនិងសេវាកម្ម ដែលឆ្លើយតបពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមតម្រូវការ ដែលមានភាពចម្រុះនិងប្រែប្រួលឥតឈប់ឈររបស់អតិថិជន ព្រមទាំងបង្កើតនូវតម្លៃបន្ថែមខ្ពស់សម្រាប់អាជីវកម្ម។
លោកបន្តទៀតថា ការអភិវឌ្ឍធនធានមនុស្ស ក៏ជាកម្លាំងដ៏សំខាន់មួយផងដែរ ក្នុងការជំរុញការផ្លាស់ប្ដូរនេះ។ SCG នឹងខិតខំបំពាក់បំប៉នធនធានមនុស្សរបស់យើង ជាមួយនឹងជំនាញសំខាន់ៗ ដែលនឹងអនុញ្ញាតឲ្យពួកគេយល់ដឹងនិងចាប់បានទីផ្សារនៅក្នុងទូទាំងតំបន់ រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបានរហ័ស ទៅតាមបរិយាកាសប្រកួតប្រជែង និងបំពេញសេចក្ដីត្រូវការទាំងនោះឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសរុបរបស់ SCG មានចំនួន ៨៥,៧៧៥ប៊ីលានរៀល (២១,០៧៣លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ SCG នៅអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៣០,៧៩៤ប៊ីលានរៀល (៧.៥៨៤លានដុល្លារអាមេរិក) ដែលស្មើនឹង៣៦% នៃទ្រព្យបូកសរុបរួមទាំងអស់របស់ SCG៕