(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ខ្លួននឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចាប់ផ្តើម
ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករានេះ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬទៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ។
អគ្គនាយកដ្ឋានពន្ធដារ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយជាយថាហេតុ៕