(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានថ្លែងថា «អរគុណសន្តិភាព គឺអរគុណដល់យើងទាំងអស់គ្នា ដែលគិតត្រូវមិនចូលរួមប្រព្រឹត្តអ្វីដែលខុសច្បាប់ និងជឿតាមការញុះញង់របស់ក្រុមអគតិ»។
ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហា ជាមួយកងកម្លាំង ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ គណៈកម្មការវត្ត នាយកសាលា ប្រធានមណ្ឌលសុខភាព ហាកឹម ដែលជាម្ចាស់ឆ្នោត ក្នុងឃុំពាមជីលាំង និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ក្រោយពីបានស្តាប់ការលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមរបស់តំណាងប្រជាពលរដ្ឋ លោក ប្រាជ្ញ ចន្ទ បានទទួលយក និងបានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពិនិត្យនិងធ្វើការដោះស្រាយជូនពលរដ្ឋបានមួយចំនួន ដោយឡែកបញ្ហាមួយចំនួនទៀត នឹងបន្តពិភាក្សាគ្នាដោះស្រាយជាបន្ត។
នាឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្សារភ្ជាប់មនោសញ្ចេតនា និងក្តីស្រឡាញ់រាប់អាននៅគ្រប់កាលៈទេសៈទាំងអស់។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិ មាតុភូមិឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនភាពក្រៃលែង និងទទួលបាននូវការ គាំទ្រជឿជាក់ និងទំនុកទុកចិត្តដ៏រឹងមាំ ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ជាពិសេសនោះ គឺការថែរក្សាការពារបាននូវសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនារបស់ប្រជាជាតិទាំងមូល ហើយដោយសារសន្តិភាពនេះហើយ ទើបយើងមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាព រស់នៅឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់ គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជាតិគួរឲ្យកត់សម្គាល់។
លោកថ្លែងថា ទន្ទឹមនឹងនេះ ស្ថានភាពសន្តិសុខសាធារណៈ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម ត្រូវបាន ពង្រឹងជាប់ជាប្រចាំ និងមានលក្ខណៈល្អប្រសើរ មានអំណោយផលដល់ការប្រកបមុខរបរ និងសេចក្តីសុខក្សេមក្សាន្តរប់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក្តី តម្រូវការ និងសំណូមពរនៅមូលដ្ឋាននៅតែមាន ហើយក៏ត្រូវបានដោះស្រាយជាបណ្តើរៗ៕