(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុប កំពុងមានទំនាក់ទំនងមិនល្អជាមួយប្រទេសមួយចំនួន នៃសមាជិកសមាគមប្រជាជាតិ អាស៉ីអាគ្នេយ៍ ឬអាស៊ាន។
ថ្លែងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអធិបតីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា ប្រទេសដែលកំពុងមានបញ្ហាជាមួយអឺរ៉ុប រួមមាន៖ ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, កម្ពុជា, មីយ៉ាន់ម៉ា, និងហ្វីលីពីន។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អឺរ៉ុបបច្ចុប្បន្ន មានទំនាក់ទំនងមិនជាល្អទេ ជាមួយអាស៊ាន។ មានប្រទេស ៥ទៅហើយ ដែលមានបញ្ហាជាមួយអឺរ៉ុប ដែលធ្ងន់ធ្ងរជាងគេគឺ ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី ក្រោមហេតុផល នៃការការពារបរិស្ថាន ប្រឆាំងនឹងការកាប់ព្រៃ។ អឺរ៉ុបបានចាប់ផ្តើមឆ្ពោះទៅរក ការបញ្ឈប់ការទិញ ប្រេងដូង នៃប្រទេសម៉ាឡេស៉ី និងឥណ្ឌូនេស៉ី ដែលការឆ្លើយតបនោះ នឹងមានភាពតានតឹង នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
«អឺរ៉ុប ក៏បានឆ្ពោះមកកាន់កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដោយមិនទាន់រាប់បញ្ចូលនឹងប្រទេសមួយចំនួនទៀត ដែលអឺរ៉ុបតែងតែដាក់ការគំរាម មកប្រទេសនៅក្នុងតំបន់អាស៊ាន»។ សម្តេចតេជោ គូសបញ្ជាក់បន្ថែម។
សម្តេចតេជោ បានចោទសួរថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាចដើរលឿនទេ រវាងអឺរ៉ុប និងអាស៊ាន បើអឺរ៉ុបមានឥរិយាបថជ្រៀតជ្រែកប្រទេសអាស៊ាន។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមានប្រទេសធំ មានប្រទេសតូច មានប្រទេសអ្នកមាន និងអ្នកក្រ ក៏ប៉ុន្តែអាស៊ានមិនបានបែងចែក ហើយអាស៊ានក៏មិនបានមានបងធំនោះដែរ។
សម្តេចបន្តថា បើមើលតាមការជាក់ស្តែង បទពិសោធន៍មួយនេះ បានបង្ហាញថា ថ្ងៃនេះអង់គ្លេសដល់ថ្ងៃកាលបរិច្ឆេទ ចាកចេញពីអឺរ៉ុបហើយ។ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណួរថា បន្ទាប់ពីអង់គ្លេស តើមាននរណាទៀត អាចចាកចេញពីអឺរ៉ុប?
សម្តេចរំលឹកថា មានសាកលវិទ្យាធិការ នៅប្រទេសអង់គ្លេស បានសួរសម្តេចថា តើមានសមាជិកអាស៊ានណាខ្លះ ដែលចង់ចាកចេញពីអាស៊ាន? សម្តេចបានឆ្លើយតបថា ម្ចាស់សំណួរគួរតែកែប្រែសំណួរនេះវិញ ដោយដាក់សំណួរថា តើមានប្រទេសអឺរ៉ុបណាខ្លះ នឹងចាកចេញពីអឺរ៉ុបដូចប្រទេសអង់គ្លេស ទើបត្រឹមត្រូវជាង ព្រោះនៅក្នុងក្របខណ្ឌអាស៊ាន គ្មានចែងអំពីការចាកចេញ ឬការបណ្តេញចេញទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា អឺរ៉ុបក្រោយការចាកចេញ ដោយអង់គ្លេស តើនឹងមានការចាកចេញពីប្រទេសដទៃបន្តទៀត ឬទេ ខណៈពេលនេះ មានចរន្តគាំទ្រអឺរ៉ុប និងមានចរន្តប្រឆាំងអឺរ៉ុបខ្លួនឯង។ សម្តេចបានថ្លែងថា បញ្ហាបែកបាក់នៅតំបន់សហគមន៍អឺរ៉ុប គឺជាមេរៀនមួយសម្រាប់ពង្រឹងសហគមន៍អាស៊ាន។
សម្តេចបញ្ជាក់ថា «នោះហើយជាបញ្ហា ជាមេរៀនដែលយើងត្រូវដកហូតពិសោធន៍អំពីអឺរ៉ុប ដើម្បីពង្រឹងអាស៊ានរបស់យើង មិនមានដែលយើងផ្ចាញ់ផ្ចាលអឺរ៉ុបនោះទេ។ នេះជាអ្វី ដែលយើងឃើញពិត នៅក្នុងសំណុំបញ្ហាទាំងឡាយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា តួអង្គរបស់អង់គ្លេស គឺជាសហស្ថាបនិក នៃសហភាពអឺរ៉ុបតែម្តង ប៉ុន្តែអ្វីដែលយើងបានឃើញការបោះឆ្នោត នៅអង់គ្លេសចុងក្រោយនេះ គឺការគាំទ្រភ្លូកទឹកភ្លូកដី របស់ប្រជាជនអង់គ្លេសសម្រាប់ការបោះឆ្នោតមួយ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស បានដាក់ចេញដើម្បីចាកចេញពីអឺរ៉ុប ដោយមានកិច្ចព្រមព្រៀង។ នេះបង្ហាញឲ្យឃើញថា ប្រជាជនអង់គ្លេស បានធុញទ្រាន់នឹងអឺរ៉ុបហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្តថា គោលការណ៍កុងសង់ស៉ីស គឺជាគោលការណ៍គ្រឹះសម្រាប់ភាពរឹងមាំរបស់អាស៊ាន។ អាស៊ានត្រូវធ្វើសំយោគចាប់យកកូរ៉េខាងត្បូង និងឥណ្ឌា ដើម្បីភាពរឹងមាំរបស់ខ្លួន៕