(ភ្នំពេញ)៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី ពុទ្ធបរិស័ទជាច្រើននាក់ទៀត បាននិមន្តសម្តេចព្រះសង្ឃ និងព្រះភិក្ខុសង្ឃចំនួន៩៩៩អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត បង្សុលដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំង៧សន្តាន និងជូនចំពោះស្វាមីលោកស្រី នាយឧត្តមសេនីយ៍ ហុក ឡងឌី ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃា្លតឡើយ។
មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតឡើងក្នុងថ្ងៃនេះ លោកស្រីក៏សូមឧទ្ទិសប្រគេន និងជូនព្រះវិញ្ញាណក្ខ័នអតីតសម្ដចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ វិញ្ញាណក្ខ័នវីរជន អ្នកស្នេហាជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ ព្រមទាំងវិញ្ញាណក្ខ័នជនរួមជាតិខ្មែរស្លូតត្រង់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមឱ្យវិញ្ញាណក្ខន្ធបានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះលោកស្រី ម៉ែន ភក្តី ហុកឡងឌី ក៏សូមបួងសួង សូមឱ្យប្រទេសកម្ពុជាមានសេចក្ដីសុខសាន្ដ និងសន្តិភាពដូចពេលនេះ ជារៀងរហូត ជាពិសេសសូមឱ្យពលរដ្ឋខ្មែរគ្រប់រូបសុខសប្បាយ ចៀសផុតពីជំងឺរលាកសួតប្រភេទវីរុស កូរ៉ូណា ដូចបច្ចុប្បន្ននេះ ខណៈវីរុសនេះ កំពុងតែផ្ទុះឡើងនៅចិន និងបានឆ្លងទៅប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបណ្ដាលឱ្យស្លាប់ជាង២០០នាក់ និងជាង៩០០០នាក់មានមេរោគនេះ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន ភក្តី ហុកឡងឌី និងក្រុមគ្រួសារព្រម ទាំងលោក លោកស្រី និងពុទ្ធបរិស័ទ បានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ព្រមទាំងចង្ហាន់ជាអាហាប៊ូហ្វេដល់សម្តេចព្រះសង្ឃ និងព្រះភិក្ខុសង្ឃចំនួន៩៩៩អង្គ និង អាចារ្យ៤១នាក់ផងដែរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅហាងកាកាស៊ូគី ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្យរាជធានីភ្នំពេញ។
សម្រាប់សម្តេចព្រះសង្ឃ និងព្រះភិក្ខុសង្ឃចំនួន៩៩៩អង្គ យាងនិងនិមន្តមកពីវត្តចំនួន១០ មានវត្តលង្កាកុសុមារាម វត្តស្រះចក វត្តមហាមន្ត្រី វត្តសំរោងអណ្តែត វត្តចំពុះក្អែក វត្តចន្ទបុរីវង្ស វត្តមុនីប្រសិទ្ធីវង្ស វត្តប្រាំង វត្តពពែក្រោមនិងវត្ដផ្សេងៗទៀត៕