(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០នេះ នឹងនៅតែអាចសម្រេចបានក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាល នៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
ការបញ្ជាក់របស់លោក វង្សី វិស្សុត ធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០។
វេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ធ្វើឡើងដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅបានស្វែងយល់លំអិតអំពីស្ថានភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ បន្ថែមទៀត ក៏ដូចជាដើម្បីបង្ហាញអំពីតម្លាភាពនៃការប្រើប្រាស់ និងបែងចែកធនធានសាធារណៈ ដែលទទួលបានពីកំណើន ព្រមទាំងដើម្បីធានា ឱ្យមានការចូលរួមមតិពីគ្រប់តួអង្គពាក់ព័ន្ធ និងសាធារណជនទូទៅ ដើម្បីតម្រង់ការប្រើប្រាស់ធនធានថវិកាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ប្រមាណជាង៣០០នាក់។
លោក វង្សី វិស្សុត បានថ្លែងថា ជារួមកំណើនសេដ្ឋកិច្ចពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះ ដោយរួមទាំងតំបន់អាស៊ានផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ មានកំណើនប្រមាណ ២.៩%ប៉ុណ្ណោះ ធៀបនឹងការព្យាករណ៍ប្រមាណ៣.៤% ដោយសារសង្គ្រាមពាណិជ្ជកម្ម និងកក្តាភូមិសាស្រ្តនយោបាយដែលកាន់តែតឹងតែង និងចេះតែប្រែប្រួលមិនទៀងទាត់ ដែលប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ និងធុរកិច្ច ដូចជានៅតំបន់មជ្ឈឹមបូព៌ា ព្រមទាំងបញ្ហាការប្រែប្រួលអាកាសធាតុដែលកាន់តែខ្លាំងក្លា ដូចជាភ្លើងឆេះព្រៃនៅអូស្ត្រាលីជាដើម។
គួរបញ្ជាក់ដែរថា កំណើននេះអាចនឹងត្រូវថមថយជាងនេះទៅទៀត ប្រសិនបើប្រទេសជាច្រើន ពុំបានធ្វើអន្តរាគមន៍ខាងផ្នែកគោលនយោបាយរូបិយវត្ថុនោះទេ។ ជាក់ស្តែង មានប្រទេសធំៗចំនួន៤៩ប្រទេសបានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ តាមរយៈការកាត់បន្ថយ អត្រាការប្រាក់មិនតិចជាង ៧១ លើក ដើម្បីទប់កំណើននេះមិនឱ្យធ្លាក់ចុះខ្លាំង។ តាមការព្យាករណ៍នៅចុងឆ្នាំ២០១៩, កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ អាចនឹងសម្រេចបានក្នុងរង្វង់៣.៣% ពោលគឺមានការងើបឡើងបន្តិចវិញធៀប នឹងការព្យាករណ៍នៅចុងឆ្នាំ ដោយសារសញ្ញាជាវិជ្ជមាន នៃការដោះស្រាយទំនាស់ពាណិជ្ជកម្ម រវាងចិននិងអាមេរិក ទោះបីដំណោះស្រាយនេះមានលក្ខណៈបណ្តោះអាសន្នក្តី។
លោក វង្សី វិស្សុត បន្ថែមទៀតថា ក្នុងបរិការណ៍នៃការថមថយ កំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ខាងលើនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំ ក្នុងរង្វង់៧% ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំមានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី។ ប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន។ អត្រាអតិផរណា បន្តស្ថិតក្នុងកម្រិតទាប ហើយអត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើ តាមការអង្កេតរបស់ WB មានប្រមាណតែ០.៣% ប៉ុណ្ណោះ។
លោកបន្តថា ការនាំចេញមានសន្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ១៥% ហើយលំហូរទុនវិនិយោគផ្ទាល់ ពីបរទេសមានកំណើនរហូតទៅដល់ ១៣% នៃ ផសស ដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់ តែមានលក្ខណៈល្អប្រសើរជាទូទៅ។ ទុនបម្រុងអន្តរជាតិបានកើនឡើង រហូតដល់ប្រមាណជាង ១៧.៤ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ៨ខែ។
លោករដ្ឋលេខាធិការប្រចាំការបានឲ្យដឹងទៀតថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពខាងលើនេះ កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរ នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏រឹងមាំ និងកាន់តែមានចីរភាព នៅក្នុងការប្រមូលចំណូលគ្រប់ប្រភេទ និងប្រសិទ្ធភាពកាន់តែខ្ពស់ នៅក្នុងការគ្រប់គ្រងចំណាយថវិកាជាតិ។
ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ការប្រមូលចំណូល ក្នុងប្រទេសសម្រេចបានរហូតដល់ប្រមាណ ២៥% នៃ ផសស ដែលជាប្រការមួយមិនធ្លាប់មានពីមុនមក សម្រាប់បណ្តាប្រទេសចំណូលទាប និងប្រទេសចំណូលមធ្យមកម្រិតទាបដូចកម្ពុជា។ ក្នុងផ្នែកចំណាយវិញ យើងបានគ្រប់គ្រងចំណាយថវិកាបានយ៉ាងល្អប្រសើរ ដោយប្រកាន់ខ្ជាប់នូវវិន័យថវិកាជានិច្ច ពោលគឺយើងមិនត្រឹមតែមិនចាយ ឱ្យលើសពីចំណូលដែលប្រមូលបានប៉ុណ្ណោះទេ តែយើងតែងបានខិតខំធ្វើវិចារណកម្ម ចំណាយជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាព និងសន្សំសំចៃថវិកាផង និងតម្រង់អាទិភាព ចំណាយលើមុខសញ្ញា ដែលចាំបាច់បានបន្ថែមទៀតផង។
ប្រការនេះ បានធ្វើឱ្យយើងសម្រេច បាននូវអតិរេកថវិកាចរន្តរហូតទៅដល់ជាង ៨% នៃផសស ធៀបនឹងការគ្រោងប្រមាណតែ ២.៨១ នៃផសស ប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់សន្សំ របស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ ១៨% នៃផសស សម្រាប់ពង្រីកលំហថវិកា និងធនធានថវិកាបម្រុងទុក សម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ និងហានិភ័យផ្សេងៗជាយថាហេតុ។
គួរបញ្ជាក់ដែរថា តាមអនុសាសន៍របស់ IMF សម្រាប់ប្រទេសដែលស្ថានភាពសេដ្ឋកិច្ច និងមានដុល្លាររូបនីយកម្មខ្ពស់ដូចកម្ពុជា ដើម្បីធានាបាននូវចីរភាពថវិកា ពេលមានវិបត្តិ ត្រូវរក្សានូវលំហសារពើពន្ធ ឬប្រាក់សន្សំត្រឹមតែប្រមាណ៦% នៃផសស ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប។
បើគិតត្រឹមដំណាច់ឆ្នាំ២០១៩ កម្ពុជាមានសនិ្នធិបំណុលសាធារណៈតិចជាង ៣០% នៃផសស បើគិតជាតម្លៃចារឹក (Nominal Term) ហើយ បើគិតជាតម្លៃបច្ចុប្បន្ន (NPV Term) មានតែ ២១% នៃ ផសស ប៉ុណ្ណោះ។ បើគិតទៅតាមបទដ្ឋានបច្ចេកទេសជាអន្តរជាតិ នៃការគ្រប់គ្រងបំណុលសាធារណៈ, កម្ពុជានៅមានសល់លំហ ដែលអាចខ្ចីបានបន្ថែមរហូតទៅដល់៦០% នៃផសស បើគិតជាតម្លៃចារឹក (Nominal Term) និង ៤០% នៃ ផសស បើគិតជាតម្លៃបច្ចុប្បន្ន។ បើគិតបញ្ចូលទាំងបំណុលសាធារណៈ និងបំណុលឯកជន, ស្ថានភាពបំណុលរបស់ប្រទេសយើង នៅមានកម្រិតទាបនៅឡើយ ដែលនេះជាចំណុចខ្លាំងរបស់យើង។
លោកបានគូសបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ ៦.៥% នៃ ផសស ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ីរ៉ុបរួចហើយ ព្រោះយើងដឹងថា វានឹងមកដល់ គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។ ដូចនេះ ទោះបីសហភាពអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះមួយផ្នែក ឬទាំងស្រុងក្កី ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ ព្រោះយើងបានត្រៀមខ្លួនជាមុនរួចហើយ។
ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់តែទៅលើការនាំចេញសំលៀកបំពាក់ទៅកាន់ទីផ្សារអ៊ឺរ៉ុបប៉ុណ្ណោះ ក្នុងខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិសេសអាមេរិកមានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានពិពិធកម្មច្រើនជាងមុន។ តែទោះបីយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវដោះស្រាយបញ្ហាកំណើនដ៏ទាបជាប់ៗគ្នា ក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការជំរុញការធ្វើពិពិធកម្ម, ភាពប្រកួតប្រជែង និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាជាងមុន។
លោក វិស្សុត ក៏បានលើកឡើងផងដែរថា កម្ពុជាសង្ឈឹមថានឹងបន្តទទួលបាន នូវលំហូរទុនវិនិយោគពីបរទេស ដោយសារឥទ្ធិពលនៃការបង្វែរទិសវិនិយោគ និងពាណិជ្ជកម្ម (trade and investment diversion) ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក, ការផ្លាស់ប្តូររចនាសម្ព័នសេដ្ឋកិច្ច របស់ប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រាក់ឈ្នួលពលកម្មឡើងថ្លៃ និងបញ្ហាសង្គមដែលមានមនុស្សវ័យចំណាស់កាន់តែច្រើន ដូចជា ជប៉ុន កូរ៉េ ចិន និងថៃជាដើម ព្រមទាំងការរីកលូតលាស់ នៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សហកម្មទី៤ ដែលថ្ងៃក្រៅនឹងធ្វើឱ្យការមានផ្លាស់ប្តូរ ពីខ្សែច្រវាក់ផលិតចង្វាក់សកល (global production chain) ទៅជាខ្សែច្រវាក់ផលិតកម្មតាមតំបន់ (regional production chain) វិញ។ ក្នុងន័យនេះ កម្ពុជាត្រូវបង្កើនសមត្ថភាព ស្រូបយកផលប្រយោជន៍ពីការបង្វែរទិសវិនិយោគ និងពាណិជ្ជកម្មនេះ ឱ្យបានច្រើនជាអតិបរិមា៕