(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើរាជរដ្ឋាភិបាលកម្ពុជា បើកស្ថានទូតពីរបន្ថែមទៀតនៅទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន។ សំណើសុំបើកស្ថានទូតបន្ថែមនេះ បានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារថ្មីឆ្នាំ២០២០។
ក្នុងពិធីបិទសន្និបាតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅទ្វីបអាហ្វ្រិក កម្ពុជាមានស្ថានទូតែមួយប៉ុណ្ណោះនៅទីក្រុងគែ ប្រទេសអេហ្ស៉ីប។ ដោយឡែកនៅអាមេរិកឡាទីន មិនទាន់មាននោះឡើយ។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការបង្កើនចំនួនស្ថានបេសកកម្មនៅលើពិភពលោក គឺជាការដាក់ទម្ងន់បន្ថែមនៅលើស្មាសម្រាប់រាជរដ្ឋាភិបាល។ តែលោកសង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងផ្តល់ក្តោងកាន់តែធំ ខណៈទូករបស់កម្ពុជារីកកាន់តែធំ ដើម្បីស្រូបខ្យល់រុញទូកក្នុងល្បឿនមួយដែលស្របនឹងល្បឿននៃការវិវត្តន៍សភាពការណ៍ និងការផ្លាស់ប្តូរនៃពិភពលោក។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មកដល់បច្ចុប្បន្ន កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។
លោករដ្ឋមន្ត្រី ក៏បានឱ្យបានឱ្យដឹងដែរថា នៅឆ្នាំ២០១៩ កម្ពុជា ក៏បានបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី, ចាប់ផ្តើមជួសជុលស្ថានទូតនៅក្រុងសូហ្វីយ៉ា ប្រទេសប៊ុលគ្រី និងបែលក្រាដ ប្រទេសស៊ែប៊ី ព្រមទាំងបើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ។ ក្រសួងបានបង្កើត កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត ធ្វើឱ្យចំនួនសរុបកើនដល់៣៤៕