(ព្រះសីហនុ)៖ លោក ចា ជិនហូ (Jia Jianhua) ជនជាតិចិន ដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ បាននិយាយដោយផ្ទាល់មាត់ថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់រហូតបានប្រសើរឡើងមួយកម្រិត។
វីដេអូរបស់បុរសជនជាតិចិន ដែលបណ្តាញព័ត៌មាន Fresh News ទទូលបានពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ លោក ចា ជិនហូ បានថ្លែងថា សុខភាពរបស់លោកមានភាពល្អប្រសើរ ហើយសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺរបស់គាត់។
លោក ចា ជិនហូ បាននិយាយជាភាសាចិន និងបានបកប្រែក្រៅផ្លូវការយ៉ាងដូច្នេះថា «សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សូមអរគុណមិត្តភ័ក្តិកម្ពុជាទាំងអស់គ្នា និងសូមអរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលខ្ញុំក្នុងមួយរយៈពេលនេះ។ សូមអរគុណៗ»។
សូមបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ។
ជាមួយគ្នានេះ នៅថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ៕