(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុំមានការភិតភ័យពីជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ ព្រោះប្រជាជនយើង មិនទាន់មានជំងឺប្រភេទនេះនោះទេ ដោយយើងទាំងអស់គ្នាគ្រាន់តែចូលរួមការពារ និងថែរក្សាអនាម័យក្នុងការរស់នៅឱ្យបានល្អ ពិសេសត្រូវពាក់ម៉ាស់ការពាររាល់ពេលធ្វើដំណើរផ្លូវឆ្ងាយ ឫនៅទីប្រជុំជនផ្សេងៗ។
លោក ប៉ែន កុសល្យ បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាល និងចែកម៉ាស់ការពារដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យតេជោ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ប៉ែន កុសល្យ បានបញ្ជាក់ទៀតថា «ដោយសារកត្តាដែលប្រទេសយើងមានសុខសន្តិភាព ទើបធ្វើឱ្យយើងបានជួបជុំគ្នា និងសើចញញឹមដាក់គ្នាដូចនេះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស ក្រោមមាគ៏ាដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍន៍រីកចំរើនជាងនេះទៀត»។
លោក ប៉ែន កុសល្យ ក៏បានថ្លែងទៀតថា សព្វថ្ងៃនេះអាជ្ញាធរខេត្តកំពុងតែខិតខំស្តារ និងកសាងហេដ្ឋារចនាសម្ពន្ធ័នានានៅក្នុងខេត្ត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ឆ្លើយតបនឹងការចង់ បានរបស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ លោកក៏បានប្រកាសលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក សម្រាប់ឱ្យលោកគ្រូ អ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងនៅពេល មានកិច្ចការចាំបាច់ផងដែរ៕