(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ ក្មេងស្រីដែលរងគ្រោះដោយសារចាញ់បោកជនខិលខូចយកទៅលក់នៅប្រទេសថៃ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាត នៅគ្រប់រូបភាព គ្រប់ទីកន្លែង ចំពោះការឆបោកដែលឈាន ដល់ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គឺចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ព្រោះថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកលដែលនៅតែបន្តកើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាសពីជនល្មើស។
អភិបាលខេត្ត ក៏បានណែនាំក្មួយស្រីទាំង ៣នាក់ ដែលបានរំដោះរួចផុតពីការបោកប្រាស់របស់ជនខិលខូច ហើយពេលត្រលប់ទៅស្រុកកំណើតវិញ ត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកគេទៀត និងត្រូវ ខិតខំរៀន សូត្រយកចំនេះជំនាញ តាមរយៈការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត និងអង្គការឧបត្ថម្ភគ្រួសារកម្ពុជា ដែលជាគ្រូបង្គោល ដើម្បីយកចំនេះដឹង ជំនាញយកទៅអនុវត្ត ប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារទាំងមូលអោយបានការរីកចំរើនជាបន្តបន្ទាប់។
លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹកថា៖ ក្មេងស្រីរងគ្រោះទាំង០៣នាក់នេះ ត្រូវបានជនខិលខូចលួងលោម យកទៅលក់ឱ្យថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ចស្រុកកំរៀងឃោតខ្លួន បន្ទាប់មកសមត្ថកិច្ចស្រុកកំរៀង ក៏បានប្រគល់ជនរងគ្រោះឲ្យមកស្នាក់នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ដើម្បីធ្វើការប្រគល់ជនរងគ្រោះជូនដល់ឱពុកម្តាយត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។
សូមបញ្ជាក់ថា៖ ក្មេងស្រីរងគ្រោះទាំង ០៣នាក់រួមមាន៖ ទី១/ឈ្មោះ ឈ.ភ អាយុ១៨ឆ្នាំ រស់នៅស្រុកកំពងត្រាច ខេត្តកំពត ទី២/ឈ្មោះ ភ.គ.រ អាយុ១៨ឆ្នាំ រស់នៅស្រុងកំពងត្រាច ខេត្តកំពត និងទី៣ ឈ្មោះ ធ.ស.ន អាយុ១៤ឆ្នាំ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង៕