(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានប្រកាសអំពាវនាវដល់ អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញគ្រប់គ្នានៅកម្ពុជា សូមស្វះស្វែងមកទទួលការបណ្ដុះបណ្ដាលបន្ថែមពីសមាគមរបស់លោក ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាចំណេះដឹងពាក់ព័ន្ធដទៃទៀត ពិសេសចៀសវាងការចាញ់បោកជនខិលខូចមួយចំនួន។
ការថ្លែងបែបនេះរបស់លោក ឡី សុភាព ត្រូវបានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមជាអ្នកទីផ្សារបណ្ដាញរាប់រយនាក់ នៅទីស្នាក់ការសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោកបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែនិងឈ្លាសវៃ ព្រមទាំងបានកោត សរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល គ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ដែលបានរួមចំណែកដល់ការបណ្ដុះបណ្ដាលធនធាធនមនុស្ស ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
ប្រធានសមាគមរូបនេះបានប្ដេជ្ញាពីការចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសលើការបណ្ដុះបណ្ដាលជំនាញទីផ្សារបណ្ដាញ ដែលកំពុងមានការរីកលូតលាស់ផុសផុលក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ សំដៅធ្វើយ៉ាងណាឱ្យវិស័យទីផ្សារបណ្ដាញ នៅកម្ពុជាមានការរីកចម្រើនឈានឡើង។
ជាការពិតណាស់ ក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ នេះអាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអាជីវកម្មតាមអនឡាញនៅកម្ពុជាបានរីកលូតលាស់ជាច្រើនអនេក ពិសេសនៅលើបណ្ដាញ Facebook នេះតែម្ដង ប៉ុន្តែពួកគេទាំងនោះមិនបានយល់ដឹងពីនីតិវិធីច្បាប់ ឬបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មរបស់ពួកគេនោះទេ ជាហេតុបង្កឱកាសដល់ជនទុច្ចរិតដែលតែងតែដើរបោកប្រាស់អ្នកដទៃ។
ដូច្នេះក្នុងនាមជាវិស័យឯកជន ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាល លោកបណ្ឌិត ឡី សុភាព បានស្ម័គ្រចិត្តចូលខ្លួនជួយបណ្ដុះបណ្ដាលអ្នកទីផ្សារ បណ្ដាញទាំងឡាយនៅកម្ពុជាឱ្យទទួលបាននូវចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងពាក់់ព័ន្ធផ្សេងទៀត ខណៈដែលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសឱ្យអនុវត្តជាធរមាននូវច្បាប់ស្ដីពី អាជីវកម្មតាមប្រព័ន្ធអេឡិចត្រនិក រួចមកហើយនោះ៕