(ពោធិ៍សាត់)៖ ក្មេងស្រីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន រំលេច ២នាក់ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅច្រាស់ទិសគ្នា ត្រូវរថយន្តសាំយ៉ុងបុកស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ត។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៤ ៖១៥នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចខាងលិចក្លោងទ្វា វិទ្យាល័យ ហ៊ុន សែន រំលេច ប្រហែល២៦ម៉ែត្រ ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ខាងលើនេះ មានឈ្មោះ ហ៊ត សីម៉ា អាយុ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ជាអ្នកបើកបរម៉ូតូ (បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់) និងម្នាក់ទៀតជាអ្នករួមដំណើរជាមួយ មានឈ្មោះ ចិន សុខេន អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន (បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកស៊ាំយ៉ុង ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-0093 បើកបរតាមបណ្តោយផ្លូវខាងលើ ពីកើតមកលិច។ ចំណែកម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8767 ជិះឌុបគ្នា ដោយក្មេងស្រីសិស្សសាលា២នាក់ ជិះពីលិចទៅកើតរួចឡើងវ៉ាជែងរថយន្តក្នុងល្បឿនលឿន ក៏បានបុកជាមួយរថយន្ដ សាំយ៉ុង ដែលបើកច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ម្នាក់នឹងកន្លែង និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកបាកាន។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន បានធ្វើការវាស់វែង និងបាននាំយកវត្ថុតាង ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសាកសពក្នុងស្រីរងគ្រោះទាំង២ ត្រូវបានប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕