(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទនៅខេត្តកំពង់ធំ បានប្រារព្ធកម្មវិធី «វត្តបដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា» នៅភោជនីយដ្ឋាន ឡូវ គឹមសេង ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីព្រះមហាវិមលធម្ម ពិន សែន សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា, ព្រះទេពសត្ថា សៀង សុខ ព្រះសត្ថាបារមី ព្រះមេគុណខេត្ត, លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ, លោក អៀង សុធារ៉ា នាយកក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក រួមទាំងមានពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សានុសិស្សជិត ១,០០០អង្គ/នាក់ផងដែរ។
ព្រះមហាវិមលធម្ម ពិន សែន មានសង្ឃដីការថា មាឃបូជាជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនាដែលប្រាព្ធនៅថ្ងៃ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំ ដោយនៅក្នុង ឆ្នាំនេះត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងថ្ងៃនេះកាលពីប្រមាណជា២,៦០៨ឆ្នាំមុន ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ បានប្រារព្វធ្វើមហាសន្និបាត ដើម្បីប្រកាសពីពាក្យ ប្រៀនប្រដៅរបស់ព្រះអង្គចំនួន១១ប្រការ ដល់សមាជិកមហាសន្និបាតចំនួន ១,២៥០រូប ដោយពាក្យប្រៀនប្រដៅទាំង១១ប្រការនេះបានក្លាយទៅជាគោលពុទ្ធសាសនា ទុកបន្តរហូតមកដល់សព្វថ្ងៃនេះ។ ថ្ងៃនោះផងដែរជាថ្ងៃដែលព្រះបរមគ្រូបានប្រកាសថា ព្រះអង្គនឹងចូលព្រះបរិមហានិព្វាន (មរណភាព) នៅពេល៣ខែទៅខាងមុខនេះ (១៥កើត ខែវិសាខ ឬវិសាខបូជា)។
ព្រះអង្គមានសង្ឃដីការបន្ថែមទៀតថា កម្មវិធីល្វែងយល់អំពីបុណ្យមាឃបូជានាឆ្នាំនេះ ប្រារព្ធឡើងជាឆ្នាំទី២ បន្ទាប់ពីបានទទួលនូវការគាំទ្រពីសំណាក់អ្នកចូលរួម ក្នុងកម្មវិធីឈ្វេងយល់មាឃបូជា វិសាខបូជា និងអាសាឡូបូជា កាលពីព.ស ២៥៦២ ឆ្នាំ២០១៩ ហើយសុំឲ្យក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក គណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំឲ្យបានរៀងរាល់ឆ្នាំទៀត។
លោក អៀង សុធារ៉ា បានឱ្យដឹងដែរថា ការរៀបចំកម្មវិធី «បដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា» នេះមានគោលបំណងលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តាមរយៈពិធីបុណ្យមាឃបូជា និងពិធីបុណ្យដទៃទៀតដូចជា
បុណ្យវិសាខបូជា និងបុណ្យអាសាឡូបូជាជាដើម ហើយបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនា ប្រាព្ធនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ។
លោក អៀង សុធារ៉ា បានបន្តថា ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក នឹងនៅតែប្តេជ្ញាបន្តធ្វើកម្មវិធីឈ្វេងយល់នេះនៅឆ្នាំជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្បាស់ ពីសារៈសំខាន់នៃថ្ងៃសំខាន់ទាំងបី និងមានជំនឿជឿជាក់ថា កម្មវិធីនេះនឹងលើកស្ទួយការបដិបត្តិតាមឱវាទព្រះពុទ្ធសាសនាបានកាន់តែប្រសើរឡើង ដើម្បីចិរភាពនៃសេចក្តីសុខសប្បាយ ជាសន្តិភាព និងវឌ្ឍនភាពក្នុងសង្គមខ្មែរតទៅ។
លើកឡើងក្នុងឱកាសនោះដែរលោក សុខ លូ ក៏បានបានដាស់តឿន ដល់ប្អូនៗសិស្សានុសិស្សឱ្យចូលរួមប្រតិបត្តិនូវការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ឲ្យធ្វើអំពើល្អ ជាពិសេសនៅក្នុងសង្គមដូចជា ការចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន គោរពលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ឱពុកម្ដាយ ដែលបានទៅមានប្រៀនប្រដៅឲ្យទៅរកផ្លូវល្អ។
សូមជម្រាបថាមានព្រះសង្ឃប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចូលរួមក្នុងកម្មវិធីឈ្វែងយល់ទាំងបីកាលពីឆ្នាំ២០១៩ មានប្រមាណ៦ពាន់នាក់ នៅក្នុងខេត្តកណ្តាល រាជធានីភ្នំពេញ ព្រៃវែង បាត់ដំបង សៀមរាប និងកំពង់ធំ។ ក្នុងឆ្នាំនេះក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក ក៏បានបោះពុម្ពសៀវភៅ «ឈ្វេងយល់មាឃបូជាទិវាកំណើតពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំង» ដែលនិពន្ធរៀបរៀងឡើងដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា សម្រាប់ចែកប្រគេន និងជូនពុទ្ធបរិសទ័ សិស្សានុសិស្ស ដើម្បីអានបង្កើននូវការយល់ដឹងបន្ថែមទៀតផងដែរ៕