(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានថ្លែងយ៉ាងទទូចទៅដល់ប្រជាពលរដ្ឋ ជាពិសេស សិស្សនិស្សិត មុននឹងជឿលើរឿងអ្វីមួយ ត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ ទើបមិនខាតប្រយោជន៍ ឬប៉ះពាល់ទៅដល់ខ្លួនយើង និងប្រជាជនយើង។
ការថ្លែងបែបនេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសធ្វើបាឋកថា ស្តីពី ស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី (2019-ncov) ដើម្បីលើកកម្ពស់ការយល់ដឹង វិធានការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលរៀចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ។
លោកស្រី ឱ វណ្ណឌីន ថ្លែងបន្ដថា «មុននឹងយើងជឿទុកចិត្ដទៅលើរឿងអ្វីមួយ ទាំងតាមប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញក្ដី សូមកុំចេះតែជឿគ្មានប្រភពត្រឹមត្រូវ ហើយស៊ែរតៗគ្នា និងសរសេរបន្ថែមឱ្យស្ថានភាពជ្រួលច្របល់ឱ្យសោះ យើងត្រូវចេះពិចារណារកហេតុផលជាមុនសិន និងត្រូវសួរនាំឱ្យបានច្បាស់លាស់ ហើយស្វែងរកប្រភពផ្លូវការណាមួយក្នុងសាច់រឿងមួយនេះសិន»។
រដ្ឋលេខាធិការបានថ្លែងបញ្ជាក់ទៀតថា «ប្រសិនបើប្រជាពលរដ្ឋយើង មានចង្ងល់នឹងបញ្ហាសុខភាពវិញ ឬជុំវិញជំងឺរលាកសួតប្រភេទវីរុសកូរ៉ូណា លោកអ្នកអាចចូលទៅមើលវេបសាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់សារអប់រំសុខភាព និងវិធានការការពារ ឬទំនាក់ទំនងទៅលេខ១១៥ ដោយអត់ថវិកាក៏អាចខលទៅបានដែរ»។
ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ជំរុញលើកទឹកចិត្ដដល់សិស្សនិស្សិត ពេលជួបប្រទះ ឬឃើញនូវព័ត៌មានអ្វីមិនប្រក្រតី ឬមិនពិត (Fake News) ត្រូវចូលរួមប្រឆាំងនឹងព័ត៌មានមិនពិតនោះ ជាពិសេស លើកករណីព័ត៌មានដែលប៉ះពាល់ និងបំពុលដល់សង្គមយើង៕