(សៀមរាប)៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានបើកសន្និបាតបូកសរុបរាយតម្លៃការងារ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ ដែលបានរៀបចំនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត។
លោកប្រធានមន្ទីរអប់រំខេត្តស្ដីទី បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៩-២០២០ អនុវិស័យអប់រំកុមារតូច បានយកចិត្តទុកដាក់តាមគ្រប់រូបភាព និងកម្មវិធី មត្ដេយ្យដាច់ដោយឡែកមាន១៩សាលា ត្រូវជា១៤៣ថ្នាក់ កុមារ៤,៥៤៥នាក់ (កុមារី២,៣៣៣នាក់), មត្តេយ្យក្នុងបឋមមាន ៤២៩កន្លែង ត្រូវជា៧៧៧ថ្នាក់ កុមារសរុប២៣,៧៣៤នាក់ (កុមារី ១២,៣៣៣នាក់) មត្តេយ្យឯកជនមាន ៥៤សាលា ត្រូវជា២៥៩ថ្នាក់ កុមារ៨,២៥៦នាក់ (កុមារី៤,២៩០នាក់) មត្តេយ្យសិក្សាសហគមន៍មាន១៧៨កន្លែង ត្រូវជា១៨៣ថ្នាក់ កុមារ៣,៦២៨នាក់ (កុមារី២,០៤២នាក់)។
កម្មវិធីអប់រំកុមារតូច តាមខ្នងផ្ទះមាននៅ២៦៩ភូមិ កុមារ៩,៦៥៥នាក់ (កុមារី ៤,៧៩៨នាក់) ជារួមកុមារអាយុ៣ឆ្នាំ ទទួលបានសេវាអប់រំ ២១.៩៦ភាគរយ កុមារអាយុ៤ឆ្នាំទទួលបានសេវាអប់រំសរុប ៥០.៤៤ភាគរយ និងកុមារអាយុ៥ឆ្នាំទទួលបានសេវាអប់រំ ៨៣.៩៩ភាគរយ។ ចំពោះអនុវិស័យបឋមសិក្សា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។
សាលាបឋមសិក្សាមាន៥០៧សាលា បានផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស ១៦៥,១៩០នាក់ (កុមារី ៧៩,៦៣១នាក់) ក្នុងនោះមានសិស្សទទួលអាហារូបករណ៍ PB ចំនួន៨,៨៦២នាក់ (កុមារី៤,៨៨៤នាក់)។ ក្នុងនោះអត្រាពិតនៃការសិក្សា ៩៤.៦០ភាគរយ អត្រាពិតចូលរៀនថ្មី ៩៨.៣០ភាគរយ អត្រាបញ្ចប់ការសិក្សា ៨៣.៦៣ភាគរយ អត្រាឆ្លងភូមិសិក្សា ៩០ភាគរយ អត្រាឡើងថ្នាក់ ៨៥.០៧ភាគរយ អត្រាត្រួតថ្នាក់ ១១.៥៩ភាគរយ និងអត្រាបោះបង់ការសិក្សា ៣.៣៤ភាគរយ។
ជាមួយគ្នានេះ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា ការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់ គឺសំដៅលើការកសាងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ ការច្នៃប្រឌិត និងនវានុវត្តន៍លើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ របកគហើញថ្មី និងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឲ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រ វិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដែលត្រូវធានាឲ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអណុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផងដែរ៕