(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការផ្ទុះនៃវីរុសកូរ៉ូណាមិនអាចធ្វើឲ្យ វិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយសារតែជំងឺនេះនឹងបាត់ទៅវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ។
លោកបានអះអាងថា នៅពេលដែលកំពុងផ្ទុះវីរុសនេះឡើង អាចនឹងមានការឈប់សម្រាកពីការងារមួយរយៈ ប៉ុន្ដែមិនមានកត្តាហានិភ័យណាមួយ ដែលអាចប៉ះពាល់ដល់វិស័យ អចលនទ្រព្យឡើយ។
ការលើកឡើងបែបនេះ របស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោក ច្រឹក សុខនីម បានបន្ថែមថា «ពីមុនកម្ពុជាក៏មានវីរុសផ្សេងៗដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី មុននឹងចូលដល់ជំងឺកូរ៉ូណានេះ។ ជាទូទៅជំងឺទាំងនេះនឹងបាត់ទៅវិញ ក្នុងរយៈពេលប្រមាណត្រឹមតែ១-២ខែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនអាចបង្កផលលំបាក ដល់វិស័យអចលនទ្រព្យនោះឡើយ ហើយក៏មិនជាបញ្ហាដែលបងប្អូនប្រជាពលរដ្ឋគួរបារម្ភពេកនោះឡើយ»។
ងាកក្រឡែកទៅមើលវិស័យអចលនទ្រព្យវិញ ក៏ត្រូវបានលោក ច្រឹក សុខនីម អះអាងថា នៅតែបន្ដភាពរឹងមាំ។ រឹងមាំដោយផ្អែកសរសរស្តម្ភ៣រួមមាន៖ ភ្នាក់ងារអចលនវត្ថុ, ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។
លោកបានបញ្ជាក់ថា សរសរស្ដម្ភទាំង៣នេះ បានជំរុញឲ្យវិស័យដីធ្លីមានភាពរឹងមាំ។ ក្រៅអំពីនេះសមាគមបានដុតដៃដុតជើង ក្នុងការចូលរួមបណ្ដុះបណ្ដាល នូវជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុជាង១,០០០នាក់។
ក្រៅពីនេះក៏មានការបណ្តុះបណ្តាល ភ្នាក់ងារវាយតម្លៃអចលនវត្ថុប្រមាណជាង១២៥នាក់ ចែករំលែកអំពីការគ្រប់គ្រង លើវិស័យអចលនវត្ថុប្រមាណជាង២៥០នាក់ តាមរយៈកម្មវិធីធុរកិច្ចអាជីវកម្ម និងការចែករំលែកចំណេះដឹងជាសាធារណៈប្រមាណជាង ៨០០នាក់ ហើយសមាគមបាននាំសមាជិកទៅសិក្សារៀនសូត្រ និងផ្លាស់ប្តូរពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិទាំងក្នុងតំបន់អាស៊ាន និងអឺរ៉ុបផងដែរ៕